លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ប្រសិនបើអ្នកអប់រំបុរស អ្នកអប់រំបុគ្គលម្នាក់ ប៉ុន្តែប្រសិនបើអ្នកអប់រំស្ត្រី អ្នកអប់រំសហគមន៍ និងប្រទេសជាតិទាំងមូល
03-12-2025 19:40
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ប្រសិនបើអ្នកអប់រំបុរស គឺអ្នកអប់រំបុគ្គលតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបើអ្នកផ្តល់ការអប់រំដល់ស្រ្តី គឺផ្តល់ការអប់រំដល់សហគមន៍ និងប្រទេសជាតិទាំងមូល។
ក្នុងន័យនេះ គឺនៅពេលដែលយើងផ្តល់ការអប់រំ លើកស្ទួយស្ថានភាព ផ្ដល់ឋានៈ និងតួនាទីដល់ស្រ្តី គឺយើងកំពុងលើកស្ទួយស្ថានភាព និងសុខុមាលភាពគ្រួសារទាំងមូល ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ធនធានរបស់គ្រួសារ សហគមន៍ និងកសាងសង្គមជាតិកាន់តែរឹងមាំ។
ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងទៀតថា ស្រ្តីមានតួនាទីចម្រុះនៅក្នុងសង្គម ស្រ្តីគឺជាមូលធនដែលមានសក្តានុពល និងអាចប្រែក្លាយទៅជាកម្លាំងនាំឱ្យមានការប្រែប្រួលជាវិជ្ជមាន និងជួយជំរុញឱ្យសង្គមមានភាពរីកចម្រើនទៅមុខ។
ដូច្នេះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ដ្រីនាពេលនេះ មិនត្រឹមជាព្រឹត្តិការណ៍អបអរសាទរប៉ុណ្ណោះទេ តែជាការបញ្ជាក់ពីការប្តេជ្ញារួមគ្នា ដើម្បីចូលរួមចំណែកកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
លោកជំទាវបណ្ឌិតបានក៏បានថ្លែងផងដែរថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និង សហគ្រិនភាពស្រ្តី ដែលហៅកាត់ថា «មសស» ជាសមិទ្ធផលថ្មីមួយដែលជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ស្ថានភាព ឋានៈ និងតួនាទីរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ស្រ្តីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃសង្គមជាតិ ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់
រួមចំណែកក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចក្នុងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ទៀតថា «កន្លងមកនាងខ្ញុំបានទៅទស្សនកិច្ចនៅប្រទេសនានា និងបានឃើញកន្លែងបង្ហាញពីសមិទ្ធផលរបស់ស្ត្រី ហើយតែងនឹកស្រម៉ៃថា ថ្ងៃណាមួយនឹងមានអគារដែលបង្ហាញពីសមិទ្ធផលរបស់ស្ត្រីទាំងអស់ ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា ហើយវានឹងក្លាយជាកន្លែងថ្មីពេលមានទស្សនកិច្ច នាងខ្ញុំអាចនឹងអញ្ជើញស្ត្រីទី១នៃប្រទេសផ្សេងៗមកទស្សនានាពេលអនាគត ដើម្បីឲ្យស្គាល់ពីសមិទ្ធផលប្រទេសយើងបន្ថែមទៀត។ ទីបំផុតប្រទេសកម្ពុជាយើងមានមជ្ឈមណ្ឌលមួយ ដែលជាកន្លែងបង្ហាញពីសមិទ្ធផលរបស់ស្ត្រីកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ពេលមកទស្សនកិច្ច នេះជាមោទនភាពជាខ្លាំងសម្រាប់នាងខ្ញុំ»។
នៅពេលមានការលើកស្ទួយស្ត្រី ធុរកិច្ចនឹងមានការកើនឡើង ហើយប្រទេសជាតិក៏មានការរីកចម្រើន។ ការលើកស្ទួយស្ត្រីមិនមែនគ្រាន់តែជាកាលានុវត្តភាពប៉ុណ្ណោទេ ប៉ុន្តែជាកត្តាចាំបាច់ក្នុងផ្នែកសេដ្ឋកិច្ចរបស់យើង។ ក្នុងប្រទេសជាអាស៊ាន
ស្ត្រីជាម្ចាស់និងប្រតិបត្តិការអាជីវកម្មមានប្រមាណជាង៦២លាននាក់ ស្មើនឹង៩.៨% នៃចំនួនប្រជាជនសរុប។ ស្រ្តីបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងសេដ្ឋកិច្ចជាតិ និងគ្រួសារ ដែលបញ្ជាក់បានថាស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងភាពជាអ្នកដឹកនាំ ក្នុងការងារផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពគ្រួសារ។ សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើង ដោយចៃដន្យនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ លើការលើកកម្ពស់សិទ្ធ ឋានៈ តួនាទីរបស់ស្ត្រី ពីសំណាក់រាជរដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធនៃបណ្តាលប្រទេសនីមួយៗ និងការទទួលស្គាល់ពីតម្លៃដ៏សំខាន់ សម្រាប់ការជំរុញពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចអភិវឌ្ឍសង្គម។
លោកជំទាវបណ្ឌិតបានថ្លែងបន្ថែមទៀតថា មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និង សហគ្រិនភាពស្រ្តី ដែលដាក់ឲ្យដំណើរការជាផ្លូវនៅពេលនេះនឹងដើរតួយ៉ាងសំខាន់មួយទៀត ក្នុ្កងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ជាពិសេសមូលធនស្ត្រីឲ្យចូលរួមប្រកបដោយបុរេសកម្ម គុណតម្លៃខ្ពស់ និងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះលោកជំទាវបណ្ឌិតបានលើកឡើងថា «ខ្ញុំសង្កេតឃើញថា ប៉ុន្មានខែមកនេះក្រោយភាពតានតឹងពីបញ្ហាព្រំដែន ខ្មែរយើងមានភាពសាមគ្គី គាំទ្រផលិតផលជាតិ ដែលជាឪកាសឲ្យផលិតកម្មនៅក្នុងស្រុកបង្កើននូវផលិតផលរបស់ខ្លួន ហើយមានប្រេនថ្មីៗដែលបង្កើតឡើងដោយសារស្នាដៃកូនខ្មែរជាច្រើនមានការតាំងពិព័រណ៍ និងមានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាជនផងដែរ។ ដូច្នេះក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានអំពាវនាវ នៅពេលដែលផលិតផលក្នុងស្រុកមានការគាំទ្រ សូមជួយពង្រឹងសសេវាកម្ម គុណភាព ឲ្យបានខ្ពស់ សំដៅឆ្ពោះទៅថ្ងៃអនាគតយើងនឹងអាចនាំចេញទៅក្រៅប្រទេសបានផងដែរ៕












































