អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយដែលទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់App NoDrug
03-12-2025 20:22
(ស្ទឹងត្រែង)៖ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារបានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
ក្នុងជំនួបផ្សព្វផ្សាយ ដែលបានធ្វើឡើង នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហម ថ្លា តំណាងអភិបាលស្រុកសៀមបូក បានជម្រាបជូនប្រជាសហគមន៍អេកូទេសចរណ៍ អូរឬស្សីកណ្ដាល ពីការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងទាក់ទាញទេសចរណ៍ ក្នុងមូលដ្ឋានអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរហើយក៏ទទួលបានការឆ្លើយតបពីអ្នកចូលរួមទាំងអស់ថាប្ដេជ្ញាជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាសហគមន៍ ក្រុមគ្រួសារ ក៏ដូចជារួមគ្នាដើម្បីបានឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះគឺមានបញ្ហាគ្រឿងញៀនជាចម្បង៕




















