Fresh Exclusive: ការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ៖ ពេលដែលនយោបាយគ្របដណ្តប់លើការពិតនៃបច្ចេកទេសមីន

03-12-2025 20:52

(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា បានច្រានចោលការចោទប្រកាន់របស់ថៃ ដែលម្តងហើយម្តងទៀតបានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ធ្វើជាយុទ្ធសាស្ត្រដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

នៅតាមបណ្តោយព្រំដែន ដែលធ្លាប់មានស្លាកស្នាមអតីតកាលសង្រ្គាមជាច្រើនទសវត្សរ៍, គ្រាប់មីន ដែលសេសសល់នៅក្រោមដី បន្តក្លាយជាប្រភពគ្រោះថ្នាក់ដល់ជីវិតមិនចេះចប់ មិនចេះហើយ។ ប៉ុន្តែក្នុងពេលតំបន់ព្រំដែន កំពុងស្ថិតក្នុងភាពរសើប ដែលអាចងាយធ្លាក់ចូលទៅក្នុងភាពតានតឹងវិញនោះ សម្តីចោទប្រកាន់ជាឯកតោភាគី ពីរដ្ឋមន្ត្រីការបរទេសថៃ បានក្លាយជាសម្លេងរំខានថ្មីមួយ។ វាមិនមែនជាសម្លេងផ្ទុះមីនទេ ប៉ុន្តែជាសម្លេងផ្ទុះនៃវោហាសាស្ត្រនយោបាយក្នុងការចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

សម្តីចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលបានចំណាយពេលតិចតួចជាងមួយនាទី ត្រូវបានពង្រីកយ៉ាងឆាប់រហ័ស តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដោយធ្វើឱ្យរង្គោះរង្គើដល់ទំនុកចិត្តដ៏ផុយស្រួយ ដែលត្រូវការរកការដោះស្រាយតាមរយៈសកម្មភាពមីនប្រកបដោយវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការស្វែងរកការពិតរួមគ្នាដោយផ្អែកលើភស្ថុតាង។

ការលើកឡើងរបស់រដ្ឋមន្ត្រីថៃ ក្នុងសារព័ត៌មាន Nikkei Asia ថា «កម្ពុជាបានដាក់មីនថ្មីតាមបណ្តោយព្រំដែន» គឺមិនមែនជាបញ្ហាបច្ចេកទេសទេ ប៉ុន្តែជាការបង្កើតនូវវោហាសាស្ត្រនយោបាយ ក្នុងពេលដែលមានភាពតានតឹងផ្នែកការទូត។ វាជាការចោទប្រកាន់ដែលគ្មានភស្តុតាង, គ្មានការស៊ើបអង្កេតរួមគ្នា និងក៏គ្មានការវិភាគកោសល្យវិច័យ ដែលអាចគាំទ្រការអះអាងនោះបានឡើយ។ ការចោទប្រកាន់នេះ ត្រូវបានមើលឃើញថា ជាល្បិច «បង្វែរចំណាប់អារម្មណ៍» និង «ប្តូរភាពពីភាគីជាប់ចោទ ទៅជាភាគីរង គ្រោះ នៅពេលដែលសកម្មភាពរបស់ថៃនៅតាមបណ្តោយព្រំដែន កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយអាស៊ាន និងសហរដ្ឋអាមេរិក។

* ការចោទប្រកាន់ដែលគ្មានភស្តុតាងបច្ចេកទេស
រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak នៅក្នុងសារព័ត៌មាន Nikkei Asia ដែលនិយាយថាកម្ពុជា បាន «ដាក់គ្រាប់មីនថ្មី តាមបណ្តោយព្រំដែន» មិនបានបញ្ជាក់ «មីនថ្មី» នោះជាមីនអ្វី? ផ្ទុះនៅទីណា? កន្លែងណា? និងដោយរបៀបណាឡើយ។

ការលើកឡើង ដែលគ្មានទាំងភស្តុតាងបច្ចេកទេស និងគ្មានទាំងការកំណត់ហេតុការណ៍ច្បាស់លាស់បែបនេះ មិនមែនជាសម្តីផ្អែកលើវិទ្យាសាស្ត្រ ឬផ្នែកជំនាញមីនឡើយ ប៉ុន្តែជាការបំពានមួយទៅលើវិជ្ជាជីវៈការទូត។ វាជាសម្តីដែលមានលក្ខណៈនយោបាយបង្កហេតុ និងមិនសមស្របសម្រាប់មន្ត្រីការបរទេសម្នាក់ ដែលគួរតែធ្វើការដោយផ្អែកលើការពិត ភស្តុតាង និងទង្វើវិជ្ជាជីវៈឡើយ។

ដើម្បីបញ្ជាក់ថា «មីនថ្មី» គឺគេត្រូវមាន៖
• ការធ្វើតេស្តវិភាគដី (soil disturbance analysis)
• ការធ្វើតេស្តកោសល្យវិច្ច័យនៃបំណែក (forensic testing of fragments)
• ការតាមដានពិនិត្យមើលប្រភេទមីន (serial number)
• ការប្រៀបធៀបសមាសធាតុផ្លាស្ទិចគីមី (chemical aging of plastic components)
• ការស៊ើបអង្កេតរួមជាមួយកម្ពុជា ឬអង្គភាពអង្គការសហប្រជាជាតិ UNMAS ឬអង្គភាព AOT នៃយន្តការរបស់អាស៊ានជាដើម។

ទាំងនេះ មិនមានសូម្បីតែមួយចំណុចផង ក្នុងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃនោះ។ ហើយអ្វី ដែលសារព័ត៌មាន Nikkei Asia ផ្សាយ គឺមានតែ «សម្តីនយោបាយ» ដែលមិនមែនជា «ភស្តុតាង» ឡើយ។

Cambodia គឺជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ៣០ឆ្នាំមកហើយ មិនដែលមានរបាយការណ៍អន្តរជាតិណាមួយនិយាយថា កម្ពុជាបានប្រើមីនសាឡើងវិញទេ។ យោងតាមការបំភ្លឺរបស់អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា៖ «រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ កម្ពុជាមិនមានប្រើប្រាស់មីន ហើយកងកម្លាំងយោធារបស់កម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារាជរដ្ឋាភិបាល និងកាតព្វកិច្ចអន្តរជាតិ។ កម្ពុជា មិនមានបទបញ្ជា ឬការអនុញ្ញាតណាដែលអនុញ្ញាតឱ្យប្រើប្រាស់មីន ហើយកម្ពុជាបានប្រកាន់ ខ្ជាប់ នូវគោលការណ៍តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុង សកម្មភាពកំចាត់មីន ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្ត ចំពោះអនុសញ្ញាអូតាវ៉ា។»។

* កេរ្តិ៍ដំណែលសង្គ្រាម មិនមែនជាមីនថ្មី
អាជ្ញាធរមីនកម្ពុជា បានថ្លែងថា «ផ្ទៃដីមានមីននៅតាមតំបន់ព្រំដែន គឺជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមរវាងតួអង្គជាច្រើន ពីទសវត្សរ៍ឆ្នាំ១៩៧០ដល់១៩៩០»។ ក្រុមអ្នកជំនាញដោះមីន ធ្លាប់បាននិយាយថា កត្តាធម្មជាតិដូចជាភ្លៀងធ្លាក់ខ្លាំង ការហូរច្រោះដី និងទឹកជំនន់ជាញឹកញាប់ បានបណ្តាលឱ្យមីនចាស់ផ្លាស់ទីតាំងដើមរបស់វា ហើយលេចចេញមកលើទីតាំងដីថ្មី មើលទៅហាក់ដូចជាមីន ត្រូវបានដាក់ថ្មី។ ហេតុការណ៍ទាំងនេះ ធ្លាប់បានប្រទះឃើញច្រើនកន្លែងរួចមកហើយនៅក្នុងប្រទេសកម្ពុជា ដោយសារតែតំបន់ខ្លះ ដែលគ្មានមីន ស្រាប់តែបានប្រទះឃើញមានមីនលេចចេញពីដី។

អង្គការ Landmine Monitor និង UNMAS ធ្លាប់បានកត់ត្រាបាតុភូតនេះម្តងហើយម្តងទៀតនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងធ្លាប់លើកឡើងអំពីការបំលាស់ទីរបស់មីនក្នុងដី ដោយសារតែកត្តាធម្មជាតិទាំងនេះ។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ នៅក្នុងសារព័ត៌មាន Nikkei Asia មិនមែនជាសម្តីផ្អែកលើការពិត និងភស្តុតាងបច្ចេកទេសមីនឡើយ។ វាជាវោហាសាស្ត្រនយោបាយ មួយដែលបង្កើតឡើងក្នុងបរិបទតានតឹងព្រំដែន ដោយគ្មានភស្តុតាងឯករាជ្យណាមួយបានគាំទ្រឡើយ។ ការចោទប្រកាន់បែបនេះ មិនត្រឹមតែកាត់បន្ថយកេរ្តិ៍ឈ្មោះរបស់ថៃទេ ប៉ុន្តែថែមទាំងរំលោភស្មារតីមនុស្សធម៌ នៃអនុសញ្ញាអូតាវ៉ា ដែលប្រទេសទាំងពីរជារដ្ឋភាគី។

ក្នុងពេលដែលតំបន់ព្រំដែន ត្រូវការភាពស្ងប់ស្ងាត់ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌រវាងប្រទេសជិតខាង ថៃម្តងហើយម្តងទៀត បានយកឧប្បត្តិហេតុផ្ទុះមីនក្នុងតំបន់ជម្លោះ មកប្រើជាយុទ្ធសាស្ត្រដើម្បីបំផ្លាញសមិទ្ធផល និងការរួមចំណែកសកម្មភាពមីនរបស់កម្ពុជា និងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជា ដែលជារដ្ឋភាគី មានការប្តេជ្ញាខ្ពស់ចំពោះអនុសញ្ញាអូតាវ៉ា។

កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹតភាព និងផ្អែកលើភស្តុតាង ប៉ុន្តែមិនមែនផ្អែកលើសម្តីចោទប្រកាន់នយោបាយឯកតោភាគីឡើយ។ កម្ពុជាស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ នៃអនុសញ្ញាអូតាវ៉ា ជំរុញការស៊ើបអង្កេតបច្ចេកទេសរួម មានការចូលរួមពីតួអង្គអព្យាក្រឹត និងអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីចៀសវាងការប្រើប្រាស់បញ្ហាមីនជាឧបករណ៍នយោបាយ ដែលអាចបំផ្លាញសុវត្ថិភាពសរុបនៃអនុសញ្ញាអូតាវ៉ា។ កម្ពុជា សូមបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការរក្សាសន្តិភាព ស្ថិរភាពតាមបណ្តោយព្រំដែន និងគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកាតព្វកិច្ចទាំងអស់ក្រោមអនុសញ្ញាអូតាវ៉ា៕