ឆ្មាំទន្លេ និងប្រជាសហគមន៍ ដេញចាប់បានពលរដ្ឋម្នាក់ពេលកំពុងឆក់ត្រី
03-12-2025 21:24
(ស្ទឹងត្រែង)៖ ឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍ត្បូងខ្លា-កោះជ្រឹម សហការជាមួយគណៈកម្មការសហគមន៍នេសាទកាំងដីស និងសហគមន៍នេសាទអូរម្រះ រួមគ្នាបង្រ្កាបបានបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណីកាលពីម៉ោង១១៖៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បាលកោះជ្រៃ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់កើតហេតុនោះ ឆ្មាំទន្លេពេលកំពុងល្បាតលើផ្ទៃទន្លេ បានប្រទះឃើញសកម្មភាពនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ឆក់ ហើយបានបើកកាណូតប្រដេញតាមចាប់តែម្តង។
ក្រោយពីការដេញប្រផាប់ចាប់ប្រភីង ក្រុមឆ្មាំទន្លេចាប់ជនសង្ស័យបានចំនួនម្នាក់ ខណៈម្នាក់ទៀត រត់គេចខ្លួនរួច។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ង រី ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ។
វត្ថុតាងនៃបទល្មើសដែលដកហូតបានរួមមាន៖ ទូកស្មាច់មួយគ្រឿង, ម៉ាស៊ីន ម៉ាកហ៊ីណូតា កម្លាំង ៧សេះ មួយគ្រឿង, ក្បាលឆក់ (អ័ងវ៉ាទ័រ) មួយគ្រឿង, ខ្សែកាប ៥ម៉ែត្រ, ខ្សែភ្លើង ៥ម៉ែត្រ ន៨ងថ្នងដងត្រីមួយ។
ក្រោយឃាត់ខ្លួន មន្ត្រីជំនាញជលផល បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា បទល្មើសនេសាទដោយប្រើឧបករណ៍ឆក់បង្កផលប៉ះពាល់ខ្លាំងដល់ជីវៈចម្រុះក្នុងទន្លេ ជាពិសេសសត្វផ្សោត ដែលជារតនសម្បត្តិដ៏កម្រនៅកម្ពុជា។ រដ្ឋបាលជលផល បានដាក់ចេញវិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជីវិតសត្វផ្សោត និងជីវៈចម្រុះក្នុងទន្លេ៕










