រដ្ឋបាលខេត្តកែប អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
03-12-2025 21:38
(កែប)៖ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ នៃការបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នបានប្ដូរជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា» ដែលបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅសល់ប្រជុំសាលាខេត្តកែប។
ពិធីនេះបានរៀបចំឡើង ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សខេត្តកែប ដោយចូលរួម ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជាខេត្តកែប មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង៤០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា ការប្រារព្ធពិធីនេះឡើង មានគោលបំណង ក្នុងការរំលឹកពីទិវាប្រវត្តិសាស្ត្រ ២ធ្នូ ដែលជាចំណុចចាប់ផ្តើម នៃការរួបរួមកម្លាំងអ្នកស្នេហាជាតិ ដើម្បីប្រយុទ្ធរំដោះប្រទេស ពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កម្លាំងស្នេហាជាតិនេះ បាននាំឱ្យកម្ពុជាទទួលបានជ័យជម្នះ ៧មករា ១៩៧៩ និងបង្កើត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន បានប្ដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។
លោកអភិបាលខេត្ត បន្តថា ចលនារណសិរ្ស និងកម្មវិធីនយោបាយក្នុងអតីតកាល គឺជារបត់ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និងការកសាងប្រទេសឡើងវិញ។ សមិទ្ធផលនានានៅបច្ចុប្បន្ន ក៏ជាលទ្ធផលមួយផ្នែកមកពីស្មារតី ២ធ្នូ និងជ័យជម្នះ ៧មករា ផងដែរ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់អង្គមីទ្ទីញ ដើម្បីពង្រឹងសកម្មភាពរណសិរ្សក្នុងដំណាក់កាលថ្មី រួមមាន៖ ការចូលរួមការពារសន្តិភាព ស្ថិរភាព និងឯករាជ្យភាពជាតិ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការការពារអនាគតជាតិ ដើម្បីធានាថាប្រជាជាតិកម្ពុជាមានភាពសម្បូរសប្បាយ ពង្រឹងស្មារតីជាតិនិយមគ្រប់ជំនាន់ ពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពរណសិរ្ស បន្តអប់រំផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ទប់ស្កាត់សកម្មភាពបំពាន និងបំផ្លាញសាមគ្គីភាពជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង និងគោលជំហរឯកភាព ចូលរួមគោរព និងអនុវត្តនយោបាយការទូតសន្តិភាព និងសហប្រតិបត្តិការ ផ្សព្វផ្សាយស្មារតីមហាសន្និបាតរណសិរ្សលើកទី៦ ឲ្យកាន់តែទូលំទូលាយ៕














