កម្លាំងទាហានយោធភូមិភាគ៥ ចុះបង្ក្រាបរថយន្ត២គ្រឿង ដឹកលៀសខុសច្បាប់ជាង៣០តោន នាំចេញពីខេត្តសៀមរាប ឆ្ពោះទៅវៀតណាម

03-12-2025 22:28

(សៀមរាប)៖ កម្លាំងយោធភូមិភាគទី៥ នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបរថយន្ត២គ្រឿង ដែលកំពុងដឹកជញ្ជូនលៀសខុសច្បាប់ ដោយឈ្មួញនាំចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ហើយបន្តនាំទៅកាន់វៀតណាម។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥។

យោងតាមមន្រ្តីយោធាដែលបានចុះបង្ក្រាបរថយន្តមួយគ្រឿងនេះ បានបញ្ជាក់ថា តាមលិខិតអនុញ្ញាតរបស់មន្រ្តីជលផលសម្រាប់រថយន្តមួយគ្រឿងឲ្យដឹក៣តោន តែរកឃើញដឹក២០តោន ហើយរថយន្តមួយគ្រឿង មិនមានលិខិតអនុញ្ញាតនោះទេ គឺលួចដឹកជាង១០តោន។

ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍ភ្លាម, កម្លាំងយោធាយោធភូមិភាគទី៥ ដែលឈរជើងនៅខេត្តសៀមរាប បានចេញប្រតិបត្តិការដេញឃាត់រថយន្តបានទាំង២គ្រឿង តែអ្នកបើកបានបើកទ្វាររត់គេចខ្លួន។

យោងតាមលិខិតដឹកជញ្ជូនដែលចេញដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យឈ្មោះ អេង សាយ អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកជញ្ជូនលៀសមានទម្ងន់ ៣០០០គីឡូក្រាម (៣តោន) ក្នុងតម្លៃ ៩០ម៉ឺនរៀល ដោយដឹកចេញពីភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកណ្តាល។ តែរថយន្តមួយគ្រឿងទៀតរកឃើញដឹកជាង ១០តោន ទាំងគ្មានលិខិតអនុញ្ញាតនោះឡើយ។

បើតាមមន្រ្តីយោធា, ឈ្មួញដឹកលៀសនេះ ពេលមកដល់ភ្នំពេញ គឺបន្តទៅវៀតណាមតែម្តង។

សម្រាប់លៀសទាំងនេះ គឺជាប្រភេទលៀសខុសច្បាប់ទាំងស្រុង មិនមែនលៀសដែលត្រូវបានកំណត់តាមច្បាប់នោះឡើយ ពោលជាលៀសចម្រុះ ដែលក្រុមឈ្មួញដឹកនាំចេញទៅវៀតណាម ដើម្បីទុកឲ្យបង្កងនាគស៊ី និងតម្រូវការផ្សេងទៀត។

មានការលើកឡើងថា មន្រ្តីជលផលអនុញ្ញាតឲ្យដឹកជញ្ជូនតែ៣តោន តែហេតុអ្វី មិនតាមដានការត្រួតពិនិត្យឲ្យជាប់ ទុកឲ្យឈ្មួញលួចដឹករហូត២០តោនបែបនេះទៅវិញ?

ក្រោយការឃាត់បានរថយន្តជាមួយលៀសប្រមាណ២០តោន កម្លាំងយោធា នឹងបន្តនីតិវិធី ប្រគល់ជូនរដ្ឋបាលជលផល ដើម្បីចាត់ការបន្តទៀត។