ថៃព្រមានពលរដ្ឋតាមដងទន្លេ Chao Phraya ឱ្យប្រយ័ត្នជំនោរទឹកខ្ពស់ពីថ្ងៃទី៤-១២ ធ្នូ

03-12-2025 23:24

(បាងកក)៖ នាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ Chao Phraya ឱ្យត្រៀមខ្លួនសម្រាប់ជំនោរទឹកខ្ពស់ដែលរំពឹងថានឹងកើតឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានក្នុងស្រុកថៃ។

អាជ្ញាធរបានព្យាករណ៍ថា កម្រិតទឹកនៅក្នុងទន្លេនឹងកើនឡើងយ៉ាងខ្លាំង ដោយអាចឡើងដល់ ២.០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ កម្រិតទឹកខ្ពស់បំផុតត្រូវបានរំពឹងថានឹងកើតឡើងនៅចន្លោះម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:០០រសៀល។

នាយកដ្ឋានជលសាស្ត្រថៃ បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ក្បែរកំពង់ផែ Chulachomklao និងស្រុកជុំវិញ ឱ្យតាមដានស្ថានភាពទឹកយ៉ាងដិតដល់ដើម្បីត្រៀមបង្ការផលប៉ះពាល់៕