អភិបាលខេត្តកែប ជំរុញមន្ត្រីសាខាពន្ធដារ បន្តខិតខំផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព

04-12-2025 10:19

(កែប)៖​ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធនៃសាខាពន្ធដារខេត្តកែប ត្រូវបន្តខិតខំផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពបន្ថែមទៀត។

លោកជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ កាន់កាប់អចលនទ្រព្យ និងពន្ធលើចំណេញមូលធន នៅសាលប្រជុំសាខាពន្ធដារខេត្តកែប នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

លោក សោម ពិសិដ្ឋ បានបន្តថា សិក្ខាសាលានេះ ពិតជាសារៈសំខាន់ណាស់ ក្នុងការចែករំលែកនូវព័ត៌មាន ដែលត្រូវធ្វើបច្ចុប្បន្នភាពចុងក្រោយ ទាក់ទងទៅ​នឹងវឌ្ឍនភាពថ្មីៗ ក្នុងវិស័យពន្ធដារ ដើម្បីជួយពង្រឹងការគោរពច្បាប់ ការបញ្ជ្រាប នូវវប្បធម៌បង់ពន្ធ ព្រមទាំងពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រង និងការប្រមូលពន្ធ ព្រមទាំងយល់ដឹង អំពីប្រព័ន្ធ គោលការណ៍ និងច្បាប់ផ្សេងៗស្តីពីសារពើពន្ធ សម្រាប់ប្រជាពលរដ្ឋ និងអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ទៅលើអាទិភាពគន្លឹះទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកអភិបាលខេត្ត បានបន្តជំរុញ និងស្នើដល់មន្ត្រីពន្ធដារ មន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ រួមមាន៖​

*១៖ មន្ត្រីសាខាពន្ធដារ ត្រូវបន្តខិតខំផ្តល់សេវា ជូនអ្នកជាប់ពន្ធ ឱ្យកាន់តែល្អប្រសើរ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពបន្ថែមទៀត។
*២៖ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ។
*៣៖ ត្រូវអនុវត្តតាមការណ៍ណែនាំរបស់ខេត្ត អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
*៤៖ បន្តខិតខំអនុវត្តប្រមូលចំណូលពន្ធ ទៅតាមមុខងារ និងទៅតាមប្រភេទនៃអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធិភាពខ្ពស់។
*៥៖ ត្រូវបន្តសហការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក។
*៦៖ ត្រូវសហការផ្តល់ផ្ទាំងផ្សព្វផ្សាយ ដែលទទួលបានការអនុញ្ញាតឲ្យដំឡើងនៅតាមដងផ្លូវ មកសាខាពន្ធដារ។
*៧៖ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លងដី ដែលបានចុះបញ្ជីជាប្រព័ន្ធ និងដីដែលមានទំហំ លើសពី៥ហិចតា ឡើងទៅ មកសាខាពន្ធដារខេត្ត ដើម្បីតាមដានការបំពេញកាតព្វកិច្ចពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ប្រចាំឆ្នាំ។
*៨៖ រដ្ឋបាលឃុំសង្កាត់ត្រូវសហការផ្តល់ទិន្នន័យ និងសំណុំឯកសារថតចម្លង នៃកិច្ចសន្យា ជួលផ្ទះ និងដី មកសាខាពន្ធដារខេត្ត​ ដើម្បីតាមដានបំពេញកាតព្វកិច្ចពន្ធលើឈ្នួលអចលនទ្រព្យ ឬជំរុញឱ្យភាគីអ្នកជួលផ្ទះ និងដី មកបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានទាន់ពេលវេលា។

លោកអភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីពន្ធដារ មន្ត្រីនៃស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរ និងអ្នកពាក់ព័ន្ធ គឺបន្ទាប់ពីបញ្ចប់សិក្ខាសាលានេះទៅ ជួយផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទូលំទូលាយ សំដៅឲ្យពួកគាត់ បានយល់ដឹង និងជ្រួតជ្រាប ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕