ព្រឹកស្អែកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត តំណាងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល

04-12-2025 11:00

(ភ្នំពេញ)៖ នៅថ្ងៃព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល។

វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល អមដោយសមាសភាពនៃគណៈអធិបតីរួមមាន៖

- បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
- លោកស្រី Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
- Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)
- លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP)។


ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីតំណាងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងគណៈអធិបតី ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ និងពិធីប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគូសបញ្ជាក់ផងដែរថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាឌីជីថលដ៏ធំមួយរបស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយរួមបញ្ចូលគ្នានូវ ១) វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ២) ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលបង្ហាញអំពីសមិទ្ធផល ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីឌីជីថល និង ៣) ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event) វេទិការដ្ឋាភិបាលឌីជីថល ដែលសហការជាមួយអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESCAP) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ (UNESCO) អង្គការយូនីសេហ្វ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មូលនិធិសមាហរណកម្មជប៉ុន-អាស៊ាន (JAIF) និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Plug and Play មកពីតំបន់ Silicon Valley សហរដ្ឋអាម៉េរិកជាដើម៕