រាជរដ្ឋាភិបាលម៉ាឡេស៊ី ផ្ដល់អំណោយគម្ពីរអាល់គួរអានបកប្រែជាភាសាខ្មែរ ដល់សហគមន៍ឥស្លាមកម្ពុជា

04-12-2025 12:07

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញទទួលអំណោយគម្ពីរអាល់គួរអាន បកប្រែជាភាសាខ្មែរ ពីរាជរដ្ឋាភិបាលម៉ាឡេស៊ី តំណាងដោយលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គម្ពីរអាល់គួរអានខាងលើ សរុបទាំងអស់មានចំនួន២០,០១៦ក្បាល ក្នុងនោះបកប្រែជាភាសាខ្មែរចំនួន១៩,០០៨ក្បាល និងបកប្រែជាភាសាអង់គ្លេសចំនួន១,០០៨ក្បាល ព្រមទាំងសៀវភៅ Iqra ចំនួន៣,០០០ក្បាល ដែលជាអំណោយរបស់រាជរដ្ឋាភិបាលម៉ាឡេស៊ី ផ្តល់ជូនតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បោះពុម្ព ដោយ Yayasan Restu ដែលជាកន្លែងបោះពុម្ពគម្ពីរអាល់គួរអានធំបំផុតទី២ លើពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយលើកនេះជាលើកទី៥ ដែលរដ្ឋាភិបាលម៉ាឡេស៊ី បានផ្តល់សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជាជាបន្តបន្ទាប់។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានលើកឡើងថា អំណោយគម្ពីរអាល់គួរអានដែលប្រគល់ជូននាពេលនេះ ត្រូវបានផ្តល់ជូនដោយ លោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងពិសារអាហារស្រាយបួសជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ចំនួន១០០កន្លែង។

ជាមួយគ្នានេះ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី បានថ្លែងអំណរអរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាពិសេសលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយកម្ពុជា ជាពិសេសសហគមន៍ឥស្លាមកម្ពុជា ហើយក៏បានអរគុណអង្គការមូលនិធិអ៊ីម៉ានកម្ពុជា ដែលជួយសម្របសម្រួលក្នុងការដឹកយកគម្ពីរអាល់គួរអាន ពីប្រទេសម៉ាឡេស៊ីមកកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ក៏មិនភ្លេចនូវគុណបំណាច់ដ៏ធំធេងនៃការខិតខំប្រឹងប្រែង របស់លោក ហ្សាការីយ៉ា អាដាម អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អតីតអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងអតីតចាងហ្វាងរង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលបានបកប្រែគួរអានជាភាសាខ្មែរ រួមទាំងតួនៗ និងសហការីជាច្រើនទៀត។

ក្នុងនាមអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា លោកបណ្ឌិតទេសរដ្ឋមន្ត្រី មានមោទនភាពយ៉ាងក្រៃលែង ក្នុងការផ្តល់ជូនសាសនិកឥស្លាមកម្ពុជា និងអ្នកដែលចង់សិក្សាស្រាវជ្រាវនូវខ្លឹមសារ នៃគម្ពីរអាល់គួរអានបកប្រែជាភាសាខ្មែរ ដើម្បីជាផ្នែកសម្រាប់ការផ្សព្វផ្សាយរឿងរ៉ាវពិតរបស់សាសនាឥស្លាម ពីព្រោះអាល់គួរអានុលការីម តែមួយគត់ ជាឃ្លាំងនៃចំណេះដឹង ប្រភពនៃគតិបណ្ឌិត មូលដ្ឋានគ្រឹះ នៃការអប់រំសីលធម៌ ជាមាគ៌ាដ៏ត្រឹមត្រូវត្រចេះត្រចង់ និងជាប្រភពនៃការរម្លឹកគ្នាប្រកបដោយគតិបណ្ឌិត។

ចំណែកលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានថ្លែងថា ការខិតខំបោះពុម្ពគម្ពីរអាល់គួរអាននេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងល្អ ចំណងភាតរភាព និងភាពស្និទ្ធស្នាលរវាងសហគមន៍ឥស្លាមម៉ាឡេស៊ី និងសហគមន៍ឥស្លាមកម្ពុជា ហើយនេះគឺជាការខិតខំប្រឹងប្រែងដោយស្មោះរបស់លោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីនាំមកនូវអ្នកកាន់សាសនាឥស្លាម ឲ្យកាន់តែស្និទ្ធស្នាលជាមួយគម្ពីរគួរអាន និងពង្រឹងការយល់ដឹងរបស់ពួកគេអំពីគម្ពីរដ៏ពិសិដ្ឋនេះ។

ក្រៅពីម៉ាឡេស៊ី ក្នុងឆ្នាំ២០២៤ សហគមន៍ឥស្លាមកម្ពុជា ក៏បានទទួលគម្ពីរគួរអានចំនួន៥០,០០០ក្បាលផងដែរ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងបានចែកជូនបងប្អូនសាសនិកឥស្លាមកម្ពុជា៕