ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ណែនាំដល់ក្រសួងពាណិជ្ជកម្ម បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី», រក្សាចាស់បាន ទើបអាចរកថ្មីបន្ថែមបាន (Video inside)

04-12-2025 12:13

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រសួងពាណិជ្ជកម្ម រួមនឹងភាគីពាក់ព័ន្ធ បន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍឥតឈប់ឈរនូវវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់ ព្រមទាំងធានាយ៉ាងណាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ។

លោកបានមានប្រសាសន៍ថា ការពង្រឹងទីផ្សារ «ចាស់» សំដៅថែទាំអតិថិជនដែលមានស្រាប់ ព្រោះជាអ្នកផ្សព្វផ្សាយដ៏ល្អបំផុត។ បើទីផ្សារចាស់ ម៉ូយចាស់ សម្រេចដើរចេញហើយ នោះនឹងពិបាកទៅរកម៉ូយថ្មីដូចគ្នា ព្រោះគាត់នឹងទៅប្រាប់អ្នករកស៊ី និងអ្នកវិនិយោគដូចគ្នាតៗគ្នា អំពីបទពិសោធន៍អាជីវកម្ម។

លោកគូសបញ្ជាក់បន្ថែមថា «ចំណុចគន្លឹះ គឺត្រូវរក្សាក៏ដូចជាពង្រឹងទីផ្សារ និងម៉ូយចាស់ៗ។ ចំណែកឯអភិក្រមពង្រីកទីផ្សារថ្មីវិញ សំដៅបន្តធ្វើសមាហរណកម្ម ស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ហើយបន្តស្វែងរកទីផ្សារថ្មីៗ ធានាយ៉ាងណាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្រប ទាំងក្នុងស្រុក និងអន្តរជាតិ»

ទន្ទឹមគ្នានេះ លោកជំរុញឱ្យក្រសួងទាញយកប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានាដែលកម្ពុជាសម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំ ចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

បន្ថែមពីនេះ លោកស្នើវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ពិចារណាចូលរួមសហការជាមួយ ក្រុមការងារជំរុញការនាំចេញ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម ក្នុងការ បន្តរៀបចំបេសកកម្មពាណិជ្ជកម្ម, ព្រឹត្តិការណ៍ពិព័រណ៍ក្នុង និងក្រៅប្រទេស, កម្មវិធីផ្គូផ្គងធុរកិច្ច, វេទិកាធុរកិច្ច, កម្មវិធី Roadshow នៅតាមប្រទេសគោលដៅ និងប្រទេសនៅសហភាពអឺរ៉ុប ដើម្បីបង្កើនលទ្ធភាព និងបើកច្រកទីផ្សារថ្មីៗបន្ថែម ទៀតសម្រាប់ការនាំចេញផលិតផលកម្ពុជា។

សូមជម្រាបថា គិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៥ នេះទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទំហំ ៥៣.៥៨ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕