អតិថិជនបុរី «ឡេង ណាវ៉ាត្រា ៦អា» បន្តអញ្ជើញមកទទួលដំណោះស្រាយ ប្រកបដោយក្តីរីករាយជាបន្តបន្ទាប់!

04-12-2025 12:25

(ភ្នំពេញ)៖ ឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា អតិថិជនបុរី ឡេង ណាវ៉ាត្រា មួយចំនួនបានបន្តអញ្ជើញមកទទួលយកដំណោះស្រាយ ជាមួយក្រុមការងារបុរីជាបន្តបន្ទាប់ ប្រកបដោយស្នាមញញឹម។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយលើបណ្តាញសង្គម បង្ហាញពីសកម្មភាពខិតខំប្រឹងប្រែងដោះស្រាយ បញ្ចប់បញ្ហាជូនអតិថិជន ដោយបានលើកឡើងថា «បុរី ឡេង ណាវ៉ាត្រា ឈរលើគោលការណ៍ដោះស្រាយ មិនឲ្យពុកម៉ែបងប្អូនខាតបង់អត្ថប្រយោជន៍ឡើយ»។

ជាមួយគ្នានេះ អ្នកឧកញ៉ាបានថ្លែងអំណរគុណ ដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា។ បច្ចុប្បន្នក្រុមការងារបុរី ឡេង ណាវ៉ាត្រា កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។

សូមជម្រាបថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី និងថ្នាក់ដឹកនាំក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមការងារពាក់ព័ន្ធទាំងអស់ បាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិផ្ទះ-ដី និងបន្តប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនតាមដំណាក់កាលៗ ដោយបានគេចវេសនោះទេ។ ជាក់ស្តែង កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ បានទទួលបានបណ្ណកម្មសិទ្ធិដំណាក់កាលទី៣ ចំនួន ២,៤៦៣បណ្ណ៕