រដ្ឋមន្ដ្រីក្រសួងធនធានទឹក, រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យ លើកទី៥ ស្តីពី «កសិកម្ម ទឹក ជនបទ»
04-12-2025 12:35
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥ ស្តីពី «ការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ»។ កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ផងដែរ។
កិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យលើកទី៥ នាពេលនេះគឺដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ របៀបវារៈសំខាន់ៗចំនួនបីគឺ៖ ទី១៖ របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារត្រីវិស័យ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងលើកទី៤ ទី២៖ សេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨) រួមទាំងផែនការសកម្មភាពឆ្នាំ២០២៦ និងទី៣៖ ការពិភាក្សាដោយមានការចូលរួមពីសំណាក់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍លើគ្រោងប្លង់សម្រាប់ការអភិវឌ្ឍទំនប់អូររំដួលនៃ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍។
សូមបញ្ជាក់ថា ក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដែល បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួង អភិវឌ្ឍន៍ជនបទ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន ព្រមទាំងបង្កើតភាពធន់ និងជំរុញ កំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ចូលរួមចំណែកអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការសម្រប សម្រួលឱ្យមានភាពបន្សំគ្នារវាងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ៕



















