ក្រសួងទេសចរណ៍ នឹងចូលរួម «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ អន្តរជាតិពាក់ព័ន្ធ» និងពិព័រណ៍តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល
04-12-2025 12:42
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចូលរួម «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» និងពិព័រណ៍តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ដែលរៀបចំដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
វេទិកានេះ នឹងរៀបចំឡើងដោយរួមបញ្ចូលគ្នា នូវព្រឹត្តិការណ៍សំខាន់ៗ ចំនួន៣ រួមមាន ១៖ វេទិកាចែករំលែកបទពិសោធពាក់ព័ន្ធនឹងដំណើរការនៃការធ្វើបរិវត្តកម្ម ឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាឌីជីថលថ្មីៗជាពិសេសបញ្ញាសិប្បនិម្មិត ២៖ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញអំពីសមិទ្ធផល ផ្ទាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) និងដំណោះស្រាយឌីជីថលរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចឌីជីថល និង ៣៖ ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Event)។
មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំស្តង់ពិព័រណ៍ដើម្បីដាក់តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ឌីជីថលរបស់ក្រសួងផងដែរ។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់មន្ដ្រីរាជការ ចូលរួមក្នុងវេទិកាខាងលើនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបាននូវចំណេះដឹង បទពិសោធ និងឱកាសសាកល្បង ប្រើប្រាស់ជាក់ស្តែងនូវឧបករណ៍បច្ចេកវិទ្យាថ្មីៗ ដោយធ្វើការចុះឈ្មោះតាមរយៈការស្កេន QR Code ខាងក្រោម៕





