អង្គការទស្សនៈពិភពលោក រៀបចំវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី «ការអប់រំកុមារនៅបឋមសិក្សា» ក្នុងខេត្តបន្ទាយមានជ័យ
04-12-2025 13:52
(បន្ទាយមានជ័យ)៖ អង្គការទស្សនៈពិភពលោក នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្តីពី «ការអប់រំកុមារនៅបឋមសិក្សា» ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនៈភាព នៃផែនការសកម្មភាព ចេញពីវេទិការៀនសូត្រលើកទី២, ចែករំលែកបទពិសោធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗពាក់ព័ន្ធនឹងលទ្ធផលនៃការរៀនសូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសសិក្សា ឬកុមារងាយរងគ្រោះ និងកុមាររៀនយឺត ស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារបាត់បងឱកាសសិក្សា និងកុមាររៀនយឺត។
វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត បានធ្វើឡើងក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដែលមានរយៈពេល១ថ្ងៃពេញ ប្រារព្ធធ្វេីនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ។
លោកស្រី ងួន សោភ័ណ្ឌ ប្រធានតំបន់ប្រតិបត្តិប្រចាំខេត្តបន្ទាយមានជ័យ និងបាត់ដំបង នៃអង្គការទស្សនៈពិភពលោក បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោក ចាប់ផ្តើមនៅឆ្នាំ១៩៧០ ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរ ឡើងនូវសុខមាលភាពរបស់កុមារ ដោយមិនប្រកាន់នូវនិន្នាការនយោបាយជាតិសសាន៍ និងពណ៌សម្បុរ។ ចំពោះទស្សនៈវិស័យរបស់អង្គការ គឺចង់ឃើញ «កុមារគ្រប់រូបមានជីវិតពេញបរិបូណ៌ សេចក្តីអធិស្ឋានរបស់យើង សូមឱ្យទឹកចិត្តមនុស្សគ្រប់រូប មានឆន្ទៈដើម្បីសម្រេចបំណងនេះ»។
លោកស្រី ងួន សោភ័ណ្ឌ បានគូសបញ្ជាក់ថា យុទ្ធសាស្រ្ត៥ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ អង្គការផ្តោតលើកម្មវិធីកុមារទំនុកបម្រុង និងកម្មវិធីបច្ចេកទេសចំនួន៣ (១) កម្មវិធីបច្ចេកទេសអប់រំ (២) សុខភាព និងអាហាររូបត្ថម្ភ និង(៣) កិច្ចការពារកុមារ និងការចូលរួម។ ក៏មានកម្រោងគាំទ្រមន្ថែមមួយចំនួនទៀតដើម្បីគាំទ្រដល់យុទ្ធសាស្រ្តស្នូលដែលកំពុងអនុវត្តនៅក្នុង២០ រាជធានី ខេត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកុមារ ពិសេសកុមារងាយរងគ្រោះចំនួន ៥លាននាក់ នៅឆ្នាំ២០២៧ ខាងមុខនេះ។
លោកស្រី ងួន សោភ័ណ្ឌក៏បានរាយការណ៍សង្ខេបនូវសមិទ្ធផល ឆ្នាំ២០២៥ ក្នុងខេត្តបន្ទាយមានជ័យ ដោយនៅឆ្នាំ២០២៥ ចំណាយថវិកាជាង ២.៥លានដុល្លារ។
នាឱកាសនោះលោក ឈឿន ក្រៃយ៉ុង បានថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោក បណ្តាញគាំទ្រគុណភាពអប់រំខេត្ត និងមន្ទីរអប់រំខេត្ត ដែលបានសហការគ្នាក្នុងការរៀបចំវេទិការរៀនសូត្រ និងឆ្លុះបញ្ចាំងនេះឡើង។ ក្នុងនាមរដ្ឋបាលខេត្តនឹងបន្តគាំទ្រ និងសហការជាមួយមន្ទីរអប់រំ និងដៃគូទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបនៅក្នុងខេត្ត ត្រូវទទួលបានការអប់រំក្នុងបរិយាកាសសុវត្ថិភាព មានសមធម៌ និងគុណភាព។
លោកបានបញ្ជាក់ថា វេទិការៀនសូត្រ និងឆ្លុះបញ្ចាំងពិតជាមានសារៈសំខាន់ ព្រមទាំងបានផ្លាស់ប្តូរបទពិសោធឱ្យគ្នាទៅវិញទៅមក សំដៅដល់ការស្វែងយល់និងដំណោះស្រាយបញ្ហាប្រឈមនានាដែលរាំងស្ទះដល់ការអប់រំរបស់កុមារនៅកម្រិតបឋមសិក្សា។
លោកក៏បានផ្តល់អនុសាសន៍មួយចំនួន និងបានលើកទឹកចិត្ត និងគាំទ្រក្នុងការដោះស្រាយគ្រប់ពេលវេលាប្រសិនបើមានការសេចក្តីត្រូវការហើយរដ្ឋបាលស្រុក ជាតួអង្គសំខាន់នៅតាមស្រុកទាំង៥ ដើម្បីដឹកនាំទៅលើការធ្វើផែនការ និងផ្តល់ការគាំទ្រទៅផែនការសកម្មភាពទាំងអស់នេះ៕




















