ពលរដ្ឋខណ្ឌព្រែកព្នៅ ភាគច្រើនស្នើសុំធ្វើផ្លូវ និងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី
04-12-2025 14:09
(ភ្នំពេញ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋជាច្រើន បានលើកជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងស្នើសុំធ្វើផ្លូវ និងប្រព័ន្ធលូមេ ខណៈមួយចំនួនទៀត ស្នើពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងខណ្ឌព្រែកព្នៅនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
នៅក្នុងវេទិកានេះដែរ ក៏មានប្រជាពលរដ្ឋបានស្នើសុំស្ថាបនាផ្លូវ ដាក់ប្រពន្ធលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី នៅសង្កាត់ពញាពន់ សង្កាត់ពន្សាំង និងសង្កាត់សំរោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនេះ លោក ឆាយ វីរៈ បានជំរុញឱ្យមន្ត្រីជំនាញ ចុះដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ឆាយ វីរៈ បានណែនាំឲ្យអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសុរិយោដី ត្រូវរិះរកមធ្យោបាយដោះស្រាយបញ្ហាផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបានលឿន នៅក្នុងខណ្ឌ ហើយបង្ខិតសេវាឲ្យកាន់តែកៀក កាត់បន្ថយភាពស្មុគស្មាញដើម្បីឲ្យប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិនេះ និងមិនលើកបញ្ហានេះនៅវេទិកាលើកក្រោយទៀតឡើយ។ ខណៈនោះដែរ ការវាស់វែងចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅនេះ បានរួចរាល់ព្រមទាំងផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋបានមួយភាគធំរួចហើយដែរ។
ជាមួយគ្នានេះ ចំពោះសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើផ្លូវ ធ្វើលូមេ និងភ្លើងបំភ្លឺផ្លូវនៅពេលរាត្រី តំណាងមន្ទីរសាធារណ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងពីការត្រៀមបញ្ជូនមន្ត្រីជំនាញចុះទៅសិក្សាលំអិត នៅសប្តាហ៍ក្រោយនេះ រួមទាំងការធ្វើរបាយការណ៍បញ្ជូនទៅលោកអភិបាលរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍អនុវត្តបន្ត។
សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅក្នុងខណ្ឌព្រែកព្នៅ គឺមានប្រជាពលរដ្ឋ បានលើកជាសំណើ និងសំណូមពរផ្ទាល់មាត់ ចំនួន ៧នាក់ ស្មើនឹង ១៤បញ្ហា និងជាលាយលក្ខណ៍អក្សរ ចំនួន ៣៩សំណើ៕































