ធនាគារពិភពលោក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០, ឆ្នាំ២០២៦ កម្ពុជា-ធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ក្នុងទំហំ ២៦០លានដុល្លារ

04-12-2025 15:23

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម សឺរមែន (Mariam J. Sherman), នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា, វៀតណាម, និងឡាវ។

ជាមួយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកនាពេលកន្លងមក, លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារពិភពលោក ឆ្នាំ២០២៥-២០២៩។

ដើម្បីឆ្លើយតបទៅតម្រូវការជាអាទិភាពរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, លោកស្រីក៏បានរាយការណ៍អំពីការវិភាគថ្មី ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណងពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងាររបស់ប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញវិធានការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍ដ៏ចម្បងរបស់ធនាគារពិភពលោក។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ (Development Policy Operation) ដើម្បីពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស។

សម្រាប់ឆ្នាំ ២០២៦នេះ, កម្ពុជា និងធនាគារពិភពលោក គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០លានដុល្លារអាម៉េរិក ហើយគ្រោងនឹងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់។

ជាមួយគ្នានេះ, ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយបដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, អគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យគន្លឹះដូចជា៖

១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាព ក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ,
២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥,
៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យថាមពល
៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការអភិវឌ្ឍមនុស្ស ជាដើម។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត, លោកស្រី ម៉ារីយ៉ាម សឺរមែន ក៏បានជូនដំណឹងថាលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែលទើបចូលកាន់តំណែងថ្មី គ្រោងនឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងស្វាគមន៍ និងត្រៀមខ្លួនផ្តល់ កិច្ចសហការល្អប្រសើរជាមួយលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ក្នុងដំណើរទស្សនកិច្ចការងាររបស់លោកមកកម្ពុជានាពេលខាងមុខ និងជាថ្មីម្តងទៀត បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករបស់ធនាគារ ពិភពលោក ព្រមទាំងជូនពរលោកស្រី ម៉ារីយ៉ាម សឺរមែន ទទួលជោគជ័យ ក្នុងដំណើរបេសកកម្មនៅកម្ពុជា៕