គណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៥

04-12-2025 15:33

(ឧត្តរមានជ័យ)៖ គណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០២៥ ក្រោមវត្តមាន លោក ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ជាច្រើនទៀត នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោក ពៅ សារួន នាយកស្ដីទីនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានថ្លែងលើកឡើងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ បានបណ្តុះបណ្តាល សិស្ស សិក្ខាកាម ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ២៣១នាក់ ស្រី ១០៩នាក់។ក្នុងនោះអ្នកមានប័ណ្ណមានចំនួន ១១៦នាក់ ស្រី ៦២នាក់ ដែលមានជំនាញ ការថែទាំ និងជួសជួលរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ សេវាកម្មកាត់សក់បុរស សេវាកម្មសម្អាងកាយ។

ថ្លែងក្នុងឱកាសនោះលោក ហួន វ៉ាន់និត បានកោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ដៃគូរអភិវឌ្ឍន៍ ស្វីសខនថាក់ វិស័យឯកជន ដែលបានខិតខំអនុវត្តភារកិច្ចយ៉ាងមមាញឹកក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ស្រទាប់យុវជននៅក្នុងខេត្តឧត្តរមានជ័យ។

លោកថា ការបណ្តុះបណ្តាលនេះបង្កើតបាននូវមុខរបរថ្មីៗដែលមានចំណេះ និងជំនាញច្បាស់លាស់ មានទំនុកចិត្ត សម្រាប់ជាគុណប្រយោជន៍ដ៏ថ្លៃថ្លាដល់យុវជនកម្ពុជា យកទៅប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងគ្រួសារ ជាពិសេសបានចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារការងារក្នុងបរិបទថ្មីដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ មួយលានប្រាំសែននាក់ គឺ ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ ផងដែរ៕