ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើកទឹកចិត្តអ្នកអប់រំឥស្លាម បន្តចែករំលែកចំណេះដឹង និងច្បាប់ឥស្លាម ដើម្បីផលប្រយោជន៍រួមនៃសង្គម

04-12-2025 15:37

(កំពត)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានលើកទឹកចិត្តដល់អ្នកអប់រំអំពីសាសនាឥស្លាមទាំងអស់នៅកម្ពុជា ឲ្យបន្តខិតខំចែករំលែកចំណេះដឹង និងការបង្រៀនអំពីច្បាប់ឥស្លាម ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត និងប្រកាន់និយមកណ្តាល ដែលជាប្រយោជន៍រួមដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការជួបជុំសិស្ស-និស្សិត បញ្ញាវន្ត ហាកឹម តួន និងគ្រូបង្រៀនខ្មែរឥស្លាមលើកទី៥ ក្រោមប្រធានបទ សាមគ្គីភាពរឹងមាំ នាំមកនូវសុខសន្តិភាព នៅខេត្តកំពត ដោយមានអ្នកចូលរួមប្រមាណជាង១,០០០នាក់ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងបន្តថា «យើងនៅប្រទេសណាក៏ដោយ នៅទីណាក៏ដោយ នៅលើសាកលលោក យើងត្រូវតែគោរពច្បាប់របស់រដ្ឋជាមូលដ្ឋាន ហើយបន្ទាប់មកយើង ត្រូវគោរពកាតព្វកិច្ចរបស់ឥស្លាម ជាគោលដៅរបស់អ្នកកាន់សាសនាឥស្លាម ហើយលើសពីនេះទៅទៀត យើងត្រូវសាមគ្គីគ្នា ដើម្បីឱ្យសហគមន៍ឥស្លាមយើង បានរស់នៅដោយសុខដុមរមនាជានិរន្តរតទៅ មិនមែនក្នុងដំណាក់កាលណាមួយ ឬ ក្នុងពេលណាមួយនោះទេ»

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកកម្មវិធីខាងលើ ជាការរៀបចំដែលល្អមួយ ដើម្បីធ្វើការអប់រំគ្នា ក្នុងការទៅរកនូវអំពើដែលត្រឹមត្រូវ តាមច្បាប់ឥស្លាមផង ហើយក៏ត្រឹមត្រូវទៅតាមច្បាប់ជាតិ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោកបានរំលឹកផងដែរ នៅលើសាកលលោក តែងតែកោតសរសើរកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីភាពជោគជ័យ នៃគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសខ្មែរឥស្លាម ព្រមទាំងមិនធ្លាប់មានអំពើហិង្សា និងជម្លោះសាសនានោះទេ។

សូមជម្រាបថា ពិធីខាងលើត្រូវបានរៀបចំដោយ អង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី សហការជាមួយសមាគមប្រភពល្អកម្ពុជា ក្នុងគោលបំណង សំខាន់ៗដូចជា ឆ្លុះបញ្ចាំងអំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការ ក្នុងឆ្នាំ២០២៥ និងលើកទិសដៅ បន្តសម្រាប់ឆ្នាំ២០២៦, បង្កើនទំនាក់ទំនងល្អ រឹតចំណងសាមគ្គីភាពរវាងគ្នានឹងគ្នា យល់ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក, ការចែករំលែកចំណេះដឹង និងចែករំលែកបទពិសោធន៍ ដាស់តឿនក្រើនរំលឹក ជំរុញគ្នាឲ្យធ្វើអំពើល្អ បោះបង់រាល់ អំពើអាក្រក់ និងប្រកាន់យកនូវក្រមសីលធម៌ល្អ ហើយជំរុញក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ នូវបញ្ញត្តិឥស្លាមតាមមាគ៌ាអាល់គួរអាន និងលំអានព្យាការីមូហាំម៉ាត់ផងដែរ៕