សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីនៅសមរភូមិប្រាសាទតាមាន់

04-12-2025 15:44

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន រ័ត្ន វណ្ណៈ ស្ថិតក្នុងភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួររំលឹកថា វីរយុទ្ធជន រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ បានពលីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩៖៣០នាទីព្រឹក ក្នុងជន្មាយុ៤៤ឆ្នាំ ដោយរោគពាធ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ របស់វីរកងទ័ព រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕