ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពអបអរសាទរខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅឃុំដងកាំបិត ស្រុកសណ្តាន់

04-12-2025 15:47

(កំពង់ធំ)៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្កកំពង់ធំ បានអញ្ជើញក្នុងពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ឆ្នាំ ២០២៥) នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានសន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងស្រុង និងដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។

ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី បន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី តាមគ្រប់រូបភាពយ៉ាងស្វាហាប់ ដោយអនុវត្តន៍យុទ្ធសាស្រ្ត (ស្ងាត់ តែមិនស្ងៀម) ដើម្បីសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

លោកបានថ្លែងនូវការចងចាំជានិច្ចនូវគុណបំណាច់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបុព្វការីដ៏មានគុណបំផុត ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្ដីស្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកស្រី ឡេវ គុយអា តំណាងសមាជិកសមាជិកា នៃអង្គមីទ្ទីងទាំងមូល សូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៧ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយបានបញ្ជាក់ថា មានថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ទើបមានថ្ងៃមហាជ័យជម្នះ ៧ មករា ១៩៧៩។

មានថ្ងៃមហាជ័យជម្នះ ៧ មករា ១៩៧៩ ទើបយើងមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ។ យើងចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស ២ ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើទាំងអស់គ្នាប្តេជ្ញា រួមរស់អនុវត្តតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ៕