រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពជាស្នូលមួយនៃការអភិវឌ្ឍជាតិ ហើយក៏ជាអាទិភាពមួយ ចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ
04-12-2025 15:48
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា សុខភាពជាស្នូលមួយនៃការអភិវឌ្ឍជាតិ ហើយសុខភាពជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ។
ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យ ក្នុងឳកាសប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដើម្បីពិនិត្យវឌ្ឍនភាពនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវទនស្សនទានថា «សុខភាពផ្លូវចិត្ត ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ» ព្រមទាំងដាក់ចេញនូវ អនុសាសន៍ស្នូលសំខាន់ៗ ដោយត្រូវពង្រីកការយកចិត្តទុកដាក់ថែមទៀត ដើម្បីពង្រីកធនធានអមសុខភាព ដូចជាជំនាញកិច្ចការសង្គម។ ក្នុងនោះត្រូវពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ដោយសហការជាមួយគណៈគ្រូពេទ្យ និងស្វែងរកវិធីសាស្រ្ត ធ្វើការបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំពីចំណុចគន្លឹះ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានជាក់លាក់ ដើម្បីពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឱ្យកាន់តែទូលំទូលាយថែមទៀត រៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យបានច្រើន។
ក្នុងនោះលោកសាស្ត្រាចារ្យបានឲ្យគិតពីការងារយុទ្ធនាការអប់រំសុខភាពផ្លូវចិត្ត និងគ្រឿងញៀន និងត្រូវជំរុញការងារស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តឱ្យបានច្រើន៕


















