ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្រើនរំលឹករដ្ឋបាលក្រុងស្រុក ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីស្រុក ទៅស្រុក និងឃុំទៅឃុំ

04-12-2025 16:05

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានក្រើនរំលឹករដ្ឋបាលក្រុងស្រុក ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីស្រុក ទៅស្រុក និងឃុំ ទៅឃុំ ព្រមទាំងធ្វើការត្រួតពិនិត្យឡើងវិញ ពីបញ្ហាព្រំប្រទល់រដ្ឋបាល ភូមិឃុំ ទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ។

ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងនាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងអាជ្ញាធរក្រុង ស្រុកជាច្រើនចូលរួមផងដែរ។

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើការងារហេដ្ឋារចនាសម្ព័ន្ធជនបទ ការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលភូមិ ឃុំ ស្រុក និងភាពអណាធិបតេយ្យ, ការលែងគោ ក្របី សត្វសុខន នៅតាមដងផ្លូវសាធារណៈ និងការដឹកលើសទម្ងន់ធ្វើឲ្យខូចផ្លូវជនបទ ព្រមទាំងការរៀបចំថ្នាក់ដឹកនាំ និងមន្ត្រីផងដែរ។

លោក លី សំរិទ្ធ បានបន្តថា អាជ្ញាធរក្រុង ស្រុក ត្រួតពិនិត្យចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ដែលបានយកផ្លូវសាធារណៈប្រើប្រាស់ ដើមី្បផលប្រយោជន៍ខ្លួន ដែលបង្កឲ្យមានបញ្ហាដល់អ្នកធ្វើដំណើរ តែងជួបនូវបញ្ហា។

លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុង ដើមី្បបំបាត់នូវភាព អនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ ធ្វើឲ្យរងរបួស ពិការ និងស្លាប់មនុស្ស ដោយការមិនទទួលខុសត្រូវចំពោះសត្វពាហនៈ និងសុខនរបស់ខ្លួន ដែលបានប្រលែងនៅតាមផ្លូវសាធារណៈនោះ។

លោក លី សំរិទ្ធ បញ្ជាក់ថា រដ្ឋបាលក្រុង ស្រុង ត្រូវក្តាប់ឲ្យបាននូវរាល់តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ព្រមទាំងជម្រុញដល់ប្រជាពលរដ្ឋ ចូលរួមក្នុងកិច្ចសង្គមជាតិផងដែរ។

លោក នាក់ ណេរ៉ុន ក៏បានឯកភាពទៅនឹងអនុសាសន៍របស់ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងគោលដៅអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងបានជម្រុញរដ្ឋបាលក្រុង ស្រុក ត្រូវយករាល់អនុសាសន៍ ដែលបានលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩នេះទៅអនុវត្ត។

ជាមួយនេះ លោកលើកអំពីបញ្ហាអនាធិបតេយ្យ ដែលបង្កឡើងដោយសត្វពាហនៈ និងសត្វសុខន នៅតាមដងផ្លូវសាធារណៈ ដើមី្បកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ ក្នុងនោះ លោកក៏បានបញ្ជាក់អំពីការធ្វើប្រតិភូកម្ម ក្នុងការផ្ទេរមុខងារសុខាភិបាលដល់ក្រុង ស្រុក គឺជាលក្ខណៈល្អបំផុត៕