ថ្ងៃដំបូង នៃការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ, នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជំរុញបេក្ខជនត្រូខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាពទាំងចំណេះដឹង ជំនាញ និងទេពកោសល្យ

04-12-2025 16:09

(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានជំរុញ និងទឹកចិត្តក្មួយៗជាបេក្ខជន ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់នូវសមត្ថភាព ចំណេះដឹង ជំនាញ ទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួន ក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភី ដោយត្រូវគោរព និងអនុវត្តទៅតាមលក្ខន្តិកៈ និងការណែនាំរបស់គណៈកម្មការសម្រាប់ការប្រកួតប្រជែង។

លោក មុត ចិន្តា បានបន្ថែមថា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានចាប់ផ្តើមដំណើរការហើយ និងបានរៀបចំឡើងក្នុងគោលបំណងសំខាន់៤ រួមមាន៖

**ទី១៖ ជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌
*ទី២៖ លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងលើកតម្លៃការងាររបស់យុវជន និងអ្នកបច្ចេកទេស អ្នកប្រើប្រាស់ជំនាញ
*ទី៣៖ ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ
*ទី៤៖ ផ្តល់ជាមធ្យោបាយទទួលស្គាល់គុណភាព សមត្ថភាព សម្រាប់ការងារល្អប្រសើររបស់ពលករ ជំនាញ អ្នកជំនាញបច្ចេកទេស។

លោកនាយកបានបន្តថា ការប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគ លើកទី១ ឆ្នាំ២០២៥ មានរយៈពេលបីថ្ងៃ បេក្ខជនសរុបចំនួន៣៦រូប (ស្រីចំនួន១៦រូប) មកពីគ្រឹះស្ថានសិក្សាចំនួន៨ ចូលរួមប្រកួតប្រជែងលើ ៤ជំនាញ៖

*ទី១៖ ជំនាញតបណ្តាញអគ្គិសនីបេក្ខជនចំនួន ៩រូប (ស្រី២រូប)
*ទី២៖ ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច មានបេក្ខជនចំនួន ៥រូប (ស្រី០រូប)
*ទី៣៖ ជំនាញរចនាគេហទំព័របេក្ខជនចំនួន ៨រូប (ស្រី៤រូប)
*ទី៤៖ ជំនាញរចនាក្រាហ្វិកបេក្ខជនចំនួន១៤រូប (ស្រី១០រូប)។

លោកបានបន្ថែមថា ក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ភូមិភាគឆ្នាំនេះ មានគ្រឹះស្ថានសិក្សា៨ រួមមាន៖

*ទី១៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានបេក្ខជនសរុប១៤រូប ស្រីចំនួន៦រូប លើ៤ជំនាញ
*ទី២៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានបេក្ខជនសរុប ៧រូប ស្រីចំនួន៤រូប លើ៤ជំនាញ
*ទី៣៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន មានបេក្ខជនសរុប ៣រូប ស្រីចំនួន២រូប លើ២ជំនាញ
*ទី៤៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង មានបេក្ខជនសរុប ១រូប ស្រី០រូប លើ១ជំនាញ
*ទី៥៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង មានបេក្ខជនសរុប ៥រូប ស្រី១រូប លើ៤ជំនាញ
*ទី៦៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ មានបេក្ខជនសរុប២រូប ស្រី១រូប លើ២ជំនាញ
*ទី៧៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី មានបេក្ខជនសរុប២រូប ស្រី០រូប លើ២ជំនាញ
*ទី៨៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគីរី មានបេក្ខជនសរុប២រូប ស្រី២រូប លើ២ជំនាញ។

លោកបានបញ្ជាក់ថា បេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយនឹងត្រូវ ទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន ១.៥០០.០០០ រៀល មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ១.០០០.០០០រៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់ ៥០០.០០០រៀលផងដែរ៕