ពលរដ្ឋជាង៨០០គ្រួសារ នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានចាប់ឆ្នោតជ្រើសដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ច
04-12-2025 16:16
(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន ៨១៣គ្រួសារ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ មានផ្ទៃដីចំនួន ១.២១៣ហិកតា មុខសញ្ញាអ្នកទទួលដីចំនួន ៤៣៧គ្រួសារ និងឃុំទំរីង ស្រុកសណ្តាន់ មានផ្ទៃដីចំនួន ៨៧១ហិកតា មុខសញ្ញាអ្នកទទួលដី ចំនួន ៣៧៦គ្រួសារ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានចូលរួមចាប់ឆ្នោតជ្រើសដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សុខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក យី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចំរើន មុទិតា តំណាងធនាគារពិភព និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅវត្តកំពង់ជ្វា ក្នុងស្រុកប្រាសាទសំបូរ។
នាឱកាសនោះដែរ លោក នួន ផារ័ត្ន បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលដីនៃគម្រោង (LASED III) នេះ។ ហើយការចាប់ឆ្នោតជ្រើសរើសយកឡូតិ៍ដី នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) គឺជាផ្នែកមួយនៃកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យមានការគោរពគោលការណ៍ សមធម៌ តម្លាភាព ស្ថេរភាព ចំពោះប្រជាពលរដ្ឋ ជាពិសេសក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអនុវត្តតាមនីតិវិធីក្នុងការអនុវត្តគម្រោងនេះបានត្រឹមត្រូវ ព្រមទាំងបានកំណត់មុខសញ្ញាប្រជាពលរដ្ឋទទួលដីនេះ មានជីវភាពខ្វះខាតពិតប្រាកដ និងជាប្រជាពលរដ្ឋរស់នៅក្នុងឃុំគោលដៅយ៉ាងពិតប្រាកដ។
លោក នួន ផារ័ត្ន បានស្នើឱ្យប្រជាពលរដ្ឋសូមកុំលក់ដីសម្បទានសង្គមកិច្ចនេះឱ្យសោះ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយអ្នកដែលមិនទាន់ទទួលបានដសូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។
លោក សុខន ឫទ្ធីគុណ បានជម្រាបជូននូវសាវតារមួយចំនួនពាក់ព័ន្ធជាមួយនឹងដំណើរការគម្រោង LASED III នេះ ដែលបានអនុវត្តនៅក្នុងខេត្តកំពង់ធំ មានបីដំណាក់កាលរួចមកហើយ។
លោកបានបន្តថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺចូលដល់ដំណាក់កាលចាប់ឆ្នោត ដើម្បីកំណត់បាននៅដីឡូតិ៍លំនៅឋាន ឬដីឡូតិ៍កសិកម្ម ដែលប្រជាពលរដ្ឋទន្ទឹងរង់ចាំយូរហើយ ការជ្រើសរើសមុខសញ្ញា ការរៀបចំទីតាំងនេះត្រូវការពេលវេលា ទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ត្រូវជ្រើសរើសមុខសញ្ញាដែលរហូតមកដល់ពេលនេះ គឺទៅដល់ដំណាក់កាលមួយចាប់ឆ្នោត ហើយបន្ទាប់ពីចាប់ឆ្នោតថ្ងៃនេះ យើងដឹងលេខសម្គាល់ក្បាលដី ទាំងដីលំនៅឋាន និងដីកសិកម្ម។ ដូច្នេះ សូមប្រជាពលរដ្ឋចុះទៅពិនិត្យទៅលើទីតាំងផ្ទាល់ដើម្បីទៅរកមើលក្បាលដីដែលខ្លួននឹងទទួលបាន ដើម្បីឱ្យស្គាល់ដីលំនៅឋាន និងដីកសិកម្ម ដើម្បីរូតរះក្នុងចូលទៅរៀបចំសាងសង់ទីជម្រកស្នាក់នៅ ជាពិសេសត្រូវព្យាយាមប្រើប្រាស់ដីនេះឱ្យប្រែក្លាយជាព័ណ៌បៃតងស្រស់បំព្រង មានដំណាំ បន្លែ ផ្លែឈើ ដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារ៕
































