អាជ្ញាធរ និងសមត្ថកិច្ចស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អំពាវនាវពលរដ្ឋមានលំនៅដ្ឋានក្បែរជ្រលងអូរភ្នំពាមលោក មានការប្រុងប្រយ័ត្ន ក្រោយមានត្រីងាប់អណ្ដែតទឹកជាច្រើនក្បាល សង្ស័យមានសារធាតុពុល

04-12-2025 16:39

(កំពង់ឆ្នាំង)៖ មានករណីត្រីងាប់ជាច្រើនក្បាលដោយមិនដឹងមូលហេតុ ដែលករណីនេះបានកើតឡើងនៅចំណុចជ្រលងអូរមួយកន្លែង ស្ថិតនៅចំណុចជើងភ្នំពាមលោកក្នុងភូមិតានៃ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានកើតឡើ ងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

លោក ហែម វិបុល អធិការស្រុកទឹកផុស បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុខាងលើនេះ សមត្ថកិច្ច និងក្រុមការងារអាជ្ញាធរស្រុក រួមទាំងមន្ត្រីបរិស្ថាន បានចុះទៅពិនិត្យនៅទីតាំងកើតហេតុខាងលើនេះដោយផ្ទាល់ ក្នុងនោះដែរមន្ត្រីបរិស្ថាន បានយកទឹកនោះទៅធ្វើការពិសោធន៍រកសារធាតុ ដែលបណ្ដាលឲ្យត្រីគ្រប់ប្រភេទងាប់ជាច្រើនក្បាលខាងលើនេះផងដែរ។

ទន្ទឹមនិងនេះសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានសូមអាពាវនាវ ប្រជាពលរដ្ឋដែលមានរំលឹកដ្ឋានក្បែរកន្លែងកើតហេតុខាងលើនេះ ត្រូវមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍ដែលកើតឡើង ពិសេសសូមបងប្អូនមានការប្រុង ប្រយ័ត្នកុំបរិភោគទឹកក្នុងជ្រលងអូរនៅចំណុចខាងលើនេះ និងមានការប្រុងប្រយ័ត្នចំពោះសត្វពាហនៈផ្សេងៗខ្លាច ក្រែងចុះផឹកទឹក បណ្ដាលឱ្យគ្រោះថ្នាក់ពិសេសសូមបងប្អូនកុំយកត្រីដែលងាប់ទាំងអស់នោះមកធ្វើម្ហូប ទទួលទានជាដាច់ខាត សូមរង់ចាំមន្ត្រីជំនាញយកទឹកទៅធ្វើការពិសោធន៍រកលទ្ធផលឲ្យបានច្បាស់លាស់ជាមុនសិន៕