ក្រសួងបរិស្ថាន គាំទ្រអង្គការ FAO លើគម្រោងសម្បូរត្រី លើកកម្ពស់ភាពស្អាត បង្កើនចំនួនត្រីក្នុងទន្លមេគង្គ និងទន្លេសាប ដើម្បីសន្តិសុខស្បៀង
04-12-2025 17:05
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពី គម្រោងសម្បូរត្រី (SAMBO TRIEI Program)។
គម្រោងនេះ មានគោលបំណង លើកកម្ពស់ភាពស្អាត និងការបង្កើនចំនួនត្រីនៅក្នុងបឹងទន្លេសាប និងទន្លមេគង្គ ធានាសន្តិសុខស្បៀងជូនប្រជាសហគមន៍ ក្នុងខេត្តគោលដៅចំនួន ១៥ខេត្ត។
ស្របនឹងការលើកឡើងរបស់គម្រោងសម្បូរត្រី លោករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើសមិទ្ធផលការងារ និងបានគាំទ្រដល់ការអនុវត្តគម្រោងនេះ ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនកម្ពុជា ហើយត្រូវធ្វើយ៉ាងណាឱ្យបឹងទន្លេសាប និងទឹកទន្លមេគង្គមានភាពស្អាត ធានាបាននូវការបំពុលពីសំរាម សំណល់ប្លាស្ទិក ដែលអាចជាមូលហេតុធ្វើឱ្យ ត្រីស្លាប់ និងថយចុះ។
គួរជម្រាបជូនដែរថា គម្រោងសម្បូរត្រី (SAMBO TRIEI Program) ទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) ក្រោមកិច្ចសហប្រតិបត្តិការពីក្រសួងស្ថាប័នចំនួន៤ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តសកម្មភាពនៅខេត្តគោលដៅចំនួន ១៥ខេត្ត រួមមាន ៦ខេត្តជុំវិញទន្លេសាប និង ៦ខេត្តទៀតតាមបណ្តោយទន្លេមេគង្គ បូករួមនឹងតំបន់ខាងជើងទន្លេមេគង្គ និងខេត្តតាកែវ៕














