សមាជិក្រុមប្រឹក្សាឃុំចើងដើងម្នាក់ នៅស្រុកបារាយការណ៍ ខេត្តកំពង់ធំ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយសារជិះម៉ូតូបុកគោ
04-12-2025 17:15
(កំពង់ធំ)៖ សមាជិកក្រុមប្រឹក្សាឃុំចើងដើង ស្រុកបារាយការណ៍ ខេត្តកំពង់ធំម្នាក់ ឈ្មោះ សឿ ម៉ុម អាយុ៦៦ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយសារជិះម៉ូតូបុកគោនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ៦ ចំណុចភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា លោក សឿ ម៉ុម សមាជិកក្រុមប្រឹក្សាឃុំចើងដើង ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1I-0943 និងមានអ្នករួមដំណើរជាមួយឈ្មោះ កែវ សំអូន អាយុ២៦ឆ្នាំ បើកបរពីជេីងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានហ្វូងគោឆ្លងកាត់ដោយម្ចាស់ដេញឆ្លងផ្លូវពីលិច ទៅកើត បណ្ដាលឲ្យបុកពេញទំហឹងតែម្ដង។ ក្នុងនោះ លោក សឿ ម៉ុម បានបោកក្បាលស្លាប់ និងអ្នករួមដំណើររងរបួសស្រាល។
ក្រោយកើតហេតុ ម៉ូតូបានប្រមូលយកមករក្សា ទុកនៅអធិការរដ្ឋាននគរបាលស្រុក រីឯសត្វគោចំនួន២ក្បាល កំពុងផ្ញេីឲ្យម្ចាស់មើលថែបណ្តោះអាសន្ន៕






