អាជ្ញាធរ និងប្រជាពលរដ្ឋទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug

04-12-2025 17:18

(ក្រចេះ)៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារបានជួបមន្រ្តីរាជការ កងកម្លាំង មេឃុំ មេភូមិ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅស្រុកឆ្លូង។

ក្នុងឱកាសនោះ លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានបានថ្លែងពីសភាពការណ៍ទូទៅ ការអភិវឌ្ឍ អនាម័យ បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងការចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រស្រុកឆ្លូង។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាផ្សេងៗដែលកើតក្រោមឥទ្ធិពល គ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទំនើប ទាន់សម័យ មានប្រសិទ្ធភាព។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបានជម្រាបជូនដែលថា អ្នកចូលរួមទាំងអស់មានការសប្បាយរីករាយ ក្រោយទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនពិសេស App NoDrug ដែលមិនធ្លាប់បានឮពីមុន មកព្រមទាំងបានប្តេជ្ញាយកចំណេះដឹងដែលទទួលបាននេះទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ក្រុមគ្រួសារ មិត្តភក្កិ រួមគ្នាដើម្បីឆ្ពោះទៅកសាងបាននូវមូលដ្ឋានមួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន៕