Fresh Exclusive: ករណីផ្ទុះមីន៖ អាវុធព័ត៌មាន ដែលថៃប្រើសម្រាប់បិទបាំងទង្វើរំលោភព្រំដែនកម្ពុជា (Video inside)

04-12-2025 17:16

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធ ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃថា «មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ «ហួយតាម៉ារៀ» កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤៖២០នាទីរសៀល និងថៃបានចោទប្រកាន់ថា ជាមីនដែលបានដាក់ដោយកម្ពុជា»។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ដែលបង្ហាញពីល្បិចកលរបស់ថៃជុំវិញការបង្កើតព័ត៌មានផ្ទុះមីននេះ...

នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់ជាសមរភូមិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្លិនមីនចាស់ៗហាក់ដូចជាបន្តរស់នៅក្រោមដី ទោះបីជាសំឡេងកាំភ្លើង បានស្ងាត់ឈឹងក្នុងរយៈពេលច្រើនសប្តាហ៍បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរក៏ដោយ។ នៅលើផ្ទៃដី ភាពស្ងៀមស្ងាត់ហាក់ដូចជាពន្លឺនៃសន្តិភាព ប៉ុន្តែនៅក្រោមស្រទាប់នយោបាយនិងយោធា វាគឺជាល្បិចកលនៃយុទ្ធសាស្ត្រគ្រាប់ «មីនព័ត៌មាន» ដែលអាចធ្វើឱ្យផ្ទុះបានគ្រប់ ពេលវេលា។ រាល់ពេលដែលភាគីថៃ ចង់បម្លែងរូបភាពរបស់ខ្លួន ពីអ្នកឈ្លានពានទៅជាជនរងគ្រោះ សំឡេង «ផ្ទុះមីន» តែងតែកើតឡើងដូចជាអ្វី ដែលថៃបានលើកឡើងចុងក្រោយនេះទៀត។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធដាច់អហង្កាចំពោះសម្តីចោទ ប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ដែលបានផ្សាយថា «មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤៖២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា»។

អត្ថបទខាងក្រោមនេះនឹងវិភាគពីមូលហេតុ ដែលប្រទេសថៃតែងប្រើបញ្ហា «ការផ្ទុះមីន» ម្តងហើយម្តងទៀត ដោយអះអាងថា វាបានកើតឡើងនៅក្នុងទឹកដីថៃ ទោះបីជាគ្មានភស្តុតាងឯករាជ្យ ឬបច្ចេកទេសណាមួយបានបញ្ជាក់ថាមីនថ្មី ត្រូវបានដាក់ដោយប្រទេសកម្ពុជាក៏ដោយ។ បញ្ហាមីនកំពុងក្លាយជាអាវុធឧបករណ៍នយោបាយមួយ ដែលត្រូវបានថៃប្រើប្រាស់ដើម្បីបំភាន់សហគមន៍អន្តរជាតិ បិទបាំងការឈ្លានពានខុសច្បាប់របស់ប្រទេសថៃចូលទៅក្នុងទឹកដីកម្ពុជា និងបង្វែរតួនាទីរបស់ថៃពីអ្នកឈ្លានពាន ក្លាយមកជាជនរងគ្រោះ។

* នៅពេលដែល «ការផ្ទុះមីន» ក្លាយជាចំណុចរំលេចលើតុនយោបាយ

នៅពេលណា ដែលមានភាពតានតឹងកើនឡើងតាមបណ្តោយព្រំដែន ឬនៅពេលដែលប្រទេសថៃប្រឈមមុខនឹងសំណួរដ៏លំបាកពីសហគមន៍អន្តរជាតិ ជុំវិញករណីចាប់ខ្លួនទាហានខ្មែរ១៨រូប ករណីបាញ់ប្រហារជនស៊ីវិល ការរំលោភលើបទឈប់បាញ់ ឬការឈ្លានពានដោយយោធាខុសច្បាប់នោះ, «ឧប្បត្តិហេតុមីនដី» ស្ទើរតែតែងតែលេចឡើងជាសញ្ញាគួរឱ្យកត់សម្គាល់។

សេចក្តីថ្លែងការណ៍ពីតំបន់កងទ័ពទី២ របស់ថៃ តែងតែពណ៌នាអំពីឧប្បត្តិហេតុផ្ទុះមីននោះថា បាន «កើតឡើងនៅក្នុងទឹកដីថៃ» និងចោទថា «ជាមីនថ្មីដាក់ដោយប្រទេសកម្ពុជា» បើទោះបីជាគ្មានភ្នាក់ងារឯករាជ្យ ឬក្រុមបច្ចេកទេសណាមួយធ្លាប់បានផ្ទៀងផ្ទាត់ការអះអាងបែបនេះក៏ដោយ។ ក្នុងភាសានយោបាយ នេះមិនមែនជាការផ្តល់ព័ត៌មានទេ ប៉ុន្តែជាគឺជាការបង្កើតរឿង ដើម្បីតែចង់ឱ្យពិភពលោកមើលឃើញថា ថៃជាជនរងគ្រោះ ខណៈពេលដែលពណ៌នាថាកម្ពុជាថាជាអ្នករំលោភច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព។

* មីនចាស់ៗនៅក្នុងអតីតតំបន់សង្គ្រាម មានអាយុច្រើនជាងរដ្ឋាភិបាលថៃបច្ចុប្បន្ន

តំបន់ព្រំដែនរវាងកម្ពុជានិងថៃ ពោរពេញទៅដោយមីនចាស់ៗរាប់រយរាប់ពាន់ម៉ឺនគ្រាប់ ដែលត្រូវបានដាក់ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្នុងអំឡុងអតីតសង្គ្រាមស៊ីវិលរបស់កម្ពុជា, ក្នុងអំឡុងសម័យរបបខ្មែរក្រហម, ក្នុងអំឡុងពេលដែលមានការវាយប្រហាររបស់ កម្លាំងតស៊ូតាមព្រំដែន និងការដាក់មីននេះ មិនមែនត្រឹមតែភាគីខ្មែរពីអតីតកាលទេ សូម្បីតែភាគីថៃក៏ធ្លាប់ដាក់មីននៅតំបន់ខ្លះដែរ ដើម្បីរារាំងការជ្រៀតចូលកម្លាំងប្រដាប់អាវុធខ្មែរចូលទៅក្នុងទឹកដីថៃ។

មីនភាគច្រើនទាំងនេះ មិនដែលត្រូវបានបោសសម្អាតអស់ទាំងស្រុងនោះទេ។ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ការហូរច្រោះដី ចលនាសត្វព្រៃដែលដើរជាន់មីនទាំងនោះ ជារឿយៗបណ្តាលឱ្យមានការផ្ទុះមីនទាំងនោះ ដែលគេមិនអាចសន្មតថា ជារបស់ប្រទេសណាមួយឡើយ ពីព្រោះវាជាប្រវត្តិសាស្ត្រសង្គ្រាម ដែលរួមមានមីនចម្រុះ ដែលមិនស្គាល់ម្ចាស់អ្នកដាក់ឡើយ ។ ប៉ុន្តែជំនួសនូវការទទួលស្គាល់ការពិតដ៏ស្មុគស្មាញនេះ ប្រទេសថៃតែងតែទាញយកចំណេញពីភាពមិនច្បាស់លាស់នេះជារឿងរាល់ដង ដោយអះអាងថាវាជាមីនថ្មី ដាក់ដោយ ប្រទេសកម្ពុជា។ នេះជាយុទ្ធសាស្ត្រនយោបាយ មិនមែនជាការស៊ើបអង្កេតមីនដែលមានមូលដ្ឋានលើភស្តុតាងដ៏ច្បាស់លាស់ឡើយ។

* ប្រសិនបើវាផ្ទុះលើទឹកដីថៃ តើអ្នកណាជាអ្នកដាក់មីន?

មានសំណួរមួយដែលថៃមិនចូលផ្តល់ចម្លើយនោះគឺ៖ បើថៃអះអាងថា ករណីផ្ទុះមីនកើតក្នុងទឹកដីថៃ ដែលបានគ្រប់គ្រងដោយកងទ័ព និងជាទឹកដីដែលអួតអាងថាមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ តើការផ្ទុះនោះ មានន័យយ៉ាងណា?
• ប្រសិនបើជាមីនចាស់ គឺមានន័យថា ថៃមិនបានយកចិត្តទុកដាក់លើការដោះមីនក្នុងទឹកដីរបស់ខ្លួនឯង ធ្វើឲ្យប្រជាពលរដ្ឋ និងយោធារបស់ខ្លួនឯងជាជនរងគ្រោះ។
• ប្រសិនបើថៃនិយាយថាជា «មីនថ្មី» តើអង្គការអន្តរជាតិណាមួយ បានធ្វើសវនកម្ម ឬត្រូវបានអញ្ជើញឱ្យចូលទៅពិនិត្យពីប្រភពមីននោះដែរឬទេ? តើមានភស្តុតាងបច្ចេក ទេសគ្រប់គ្រាន់ត្រឹមត្រូវ ឬគ្រាន់តែជាពាក្យសន្និដ្ឋាននយោបាយ?
ក្នុងករណីណាក៏ដោយ ថៃគេចមិនផុតពីសំណួរសំខាន់មួយនេះឡើយ។ មានន័យថា បើមីនផ្ទុះក្នុងដី ដែលថៃបានអះអាងថាជារបស់ខ្លួន តើថៃមិនទទួលខុសត្រូវចំពោះសន្តិសុខរបស់ពល រដ្ឋខ្លួនឯងទេឬ?ការបង្រៀនសង្គមថៃ ឲ្យគិតតែពីខ្លួនឯងជាជនរងគ្រោះ និងមិនឲ្យគិតពីការទទួលខុសត្រូវលើការសម្អាតមីន គឺជាផ្នែកមួយនៃល្បែងការបង្កើតទង្វើជាតិនិយមដោយ «អូសខ្លួនចេញពីច្បាប់អន្តរជាតិ»។

* ព្រំដែនមិនមែនគ្រាន់តែជាខ្សែបន្ទាត់នៅលើផែនទីទេ វាជាសង្វៀននៃយុត្តិធម៌

ប្រទេសកម្ពុជា បានគោរពយ៉ាងតឹងរ៉ឹងនូវអនុសញ្ញាអូតាវ៉ា បោសសម្អាតមីនចាស់ៗជាប្រចាំ និងប្តេជ្ញាមិនដាក់មីនថ្មី ដែលជាកាតព្វកិច្ចរបស់ប្រទេសកម្ពុជា បាននិងគោរពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ការប្តេជ្ញាចិត្តនេះមិនមែនត្រឹមតែជាកាតព្វកិច្ចច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវចំពោះសុវត្ថិភាពមនុស្ស និងសម្រាប់ការរក្សាទំនុកចិត្តជាមួយសហគមន៍ជិតខាង។ ផ្ទុយទៅវិញ សកម្មភាពរបស់ប្រទេសថៃ ហាក់ដូចជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាទេ ដែលតែងប្រើប្រាស់បញ្ហាមីនជាឧបករណ៍នយោបាយ ម្តងហើយម្តងទៀតក្នុងការចរចាព្រំដែន។

នៅពេលណាដែលសម្ពាធកើនឡើងពាក់ព័ន្ធនឹងទង្វើរំលោភបំពានរបស់ថៃ ដូចជាការឈ្លានពានខុសច្បាប់ ការចាប់ខ្លួនទាហានកម្ពុជា ឬការបាញ់ប្រហារចូលទៅក្នុងទឹកដីកម្ពុជា ជាដើមនោះ «ឧប្បត្តិហេតុផ្ទុះមីន» លេចឡើងយ៉ាងងាយស្រួល ដើម្បីបង្វែរអារម្មណ៍សាធារណៈ។ តើនេះជាការស្វែងរកយុត្តិធម៌ពិតប្រាកដ ឬគ្រាន់ជាយុទ្ធសាស្ត្រមួយដើម្បីប្រើប្រាស់ជនរងគ្រោះ ជាអាវុធដើម្បីលាក់បាំងអាកប្បកិរិយាឈ្លានពានរបស់ខ្លូន?

សេចក្តីសន្និដ្ឋាន៖

គ្រាប់មីន មិនត្រឹមតែផ្ទុះនៅក្នុងទីវាលលើដីប៉ុណ្ណោះទេ ប៉ុន្តែវាផ្ទុះនៅលើតុចរចា និងនៅលើទំព័រសារព័ត៌មាន។ រាល់ពេលដែលប្រទេសថៃអះអាងថាមីនបានផ្ទុះ «នៅក្នុងទឹកដីថៃ» ប៉ុន្តែមិនអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ឯករាជ្យ ខណៈពេលដែលបដិសេធមិនបោសសម្អាតមីនចាស់ៗនៅលើដីដែលថៃបានអះអាងថា ជារបស់ខ្លួន និងខណៈពេលដែលបន្តការឈ្លានពានខុសច្បាប់ចូលទៅក្នុងប្រទេសកម្ពុជា នេះមិនមែនជាទង្វើនៃការស្វែងរកការពិតនោះទេ។ វាគឺជាទង្វើនៃការប្រើប្រាស់យុត្តិធម៌ ជាមីននយោបាយ។

សម្រាប់ប្រទេសកម្ពុជា ការគោរពច្បាប់អន្តរជាតិ ការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងការបន្តបោសសម្អាតមីនមនុស្សធម៌ គឺជាផ្លូវស្របច្បាប់តែមួយគត់ឆ្ពោះទៅរកសន្តិភាព។ ហើយនៅទីបំផុត សហគមន៍អន្តរជាតិត្រូវតែប្រឈមមុខនឹងសំណួរដ៏សាមញ្ញមួយនេះ៖
ប្រសិនបើមីនផ្ទុះនៅលើដីដែលថៃអះអាងថាជារបស់ខ្លួន ហើយថៃមិនដែលបោសសម្អាតវាទេ តើថៃអាចបន្តហៅខ្លួនឯង ថាជាជនរងគ្រោះបានដែរឬទេ?
អត្ថអត្ថាធិប្បាយនេះ បង្ហាញយ៉ាងច្បាស់នូវការពិតថា សេចក្តីបដិសេធរបស់កម្ពុជាចំពោះការចោទប្រកាន់របស់ថៃ មិនមែនជានយោបាយការពារខ្លួនទេ ប៉ុន្តែជាការការពារលើគោលការណ៍នៃច្បាប់អន្តរជាតិ សច្ចភាព និងសន្តិភាពដ៏ពិតប្រាកដ៕