មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យការងារលើកកម្រិតគុណភាពផ្លូវ ក្រាលកៅស៊ូពីរជាន់ ៣ខ្សែ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

04-12-2025 17:56

(បន្ទាយមានជ័យ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ប្រវែងសរុបជិត ១០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់ថា ការស្ថាបនា ស្តារ និងថែទាំផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ ដែលជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅជនបទ។

លោក ប៊ុន ច័ន្ទវណ្ណៈ បន្តថានៅក្នុងអាណត្តិទី៧នេះ, ទាក់ទិនការអភិវឌ្ឍន៍ជនបទ រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណភាពនៃជីវិតរស់នៅរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន, ជាក់ស្តែងការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ។

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ដោយលោកតែងតែចុះពិនិត្យមើលជាប្រចាំ គម្រោងដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដូចជា ផ្លូវ ស្ពាន ការផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់អនាម័យ ជនបទជាដើម ដើម្បីប្រែក្លាយតំបន់ជនបទឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

ជុំវិញផ្លូវខាងលើនេះដែរលោករដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនាផ្លូវសម្រេចបាន ១០០%, ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញ ផ្លូវផ្សេងៗទៀតនោះឡើយ, ដោយបណ្តាញផ្លូវទាំងអស់នៅទូទាំងប្រទេស បាននិងកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងតាម សហគមន៍ និងសាធារណជនទូទៅ មានផ្លូវល្អ និងជាផ្លូវប្រទាក់ក្រឡា បង្កើតជាបរិយាកាសអំណោយផល ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងសង្គម៕