សហភាពពលកម្មជាតិកម្ពុជាដែលតំណាងឱ្យកម្មករប្រមាណ៧ម៉ឺននាក់ អំពាវនាវឱ្យកម្មករនិយោជិតទាក់ទងទៅក្រសួងការងារ ប្រសិនមានការជេរប្រមាថ ឬបញ្ហានៅរោងចក្រ ឬទាក់ទងមកសហជីពផ្ទាល់
04-12-2025 18:02
(ភ្នំពេញ)៖ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាដែលតំណាងឱ្យកម្មករប្រមាណ ៧ម៉ឺននាក់ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សូមទាក់ទង ឬប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រសិនបើជួបបញ្ហាផ្សេងៗនៅកន្លែងការងារ ឬមានការប្រើប្រាស់ភាសាមិនសមរម្យនៅកន្លែងការងារដើម្បីក្រសួងអន្តរគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បងប្អូនកម្មករនិយោជិតអាចធ្វើការប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមតំណភ្ជាប់ជាច្រើនដូចជាបណ្តឹងអនាមឹក លេខទូរសព្ទ Hotline ១២៩៧ ឬអាចទាក់ទងទៅលេខអ្នកនាំពាក្យក្រសួងការងារ ដើម្បីឱ្យក្រសួងជួយអន្តរាគមន៍ ឬមានវិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ប្រសិនបើជាបងប្អូនមានបញ្ហាអ្វីមួយនៅន្លែងការងារសូមបងប្អូនទាក់ទង ឬប្តឹងមកក្រសួងការងារ ក្រសួងការងារ នឹងមានការអន្តរាគមន៍ដោះស្រាយជូនបងប្អូន យ៉ាងមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា សម្រាប់បណ្តឹងកម្មករនិយោជិត អាចប្តឹងទៅកាន់បណ្តាញសង្គមក្រសួងការងារ បណ្តាញសង្គមលោករដ្ឋមន្ត្រីក្រសួងការងារ អ្នកនាំពាក្យក្រសួងការងារ និង QRCode បណ្តឹងអនាមិក ដោយអាចទាក់ទងបានគ្រប់ពេល ឬ១២៩៧៕







