ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសំណេះសំណាលនឹងផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករ កីឡាការិនីហែលទឹក ត្រៀមទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ និងណែនាំឱ្យមានឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ (Video inside)

04-12-2025 18:59

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលត្រៀមធ្វើដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ។

គួជម្រាបដែរថា ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ លើប្រភេទវិញ្ញាសារកីឡាហែលទឹក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូចំនួន ៩រូបចូលរួម រួមមាន៖ គ្រូបង្វឹក ១រូប, គ្រូជំនួយ ១រូប, កីឡាករ ៤រូប, កីឡាការិនី ២រូប និងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ ត្រូវបានអញ្ជើញទៅចូលរួមជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ។

ជំនួបនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក, លោកឧកញ៉ា ជា ហ៊ុយ អគ្គនាយកក្រុមហ៊ុន អិនស៊ីអិច ហុងដា, ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផ្សេងទៀត។

ថ្លែងនាឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានរំលឹកដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ដែរថា ក្មួយៗទាំងអស់គ្នាមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជំរុញឱ្យកីឡាករទាំងអស់រក្សាបាននូវស្មារតីស្នេហាជាតិខ្ពស់បំផុត ចូលរួមប្រកួតដោយសេចក្តីថ្លៃថ្នូរ និងគោរពវិន័យកីឡាឱ្យបានម៉ឺងម៉ាត់ ត្រូវស្តាប់និងអនុវត្តតាមដំបូន្មានរបស់គ្រូបង្វឹកឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ដែរថា នៅក្នុងឱកាសជួបជាមួយកីឡាករ កីឡាការិនីហែលទឹក ត្រៀមទៅប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃនេះ, លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានជួបសម្តែងគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកពិភពលោក (CMAS) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោកបានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកីឡាករ-កីឡាការិនី ដែលបានតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ ពីការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗកន្លងទៅ និងបានគូសបញ្ជាក់ថា រង្វាន់ជាថវិកាដ៏សប្បុរសនេះ ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធ ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗកីឡាករ ដែលបានធ្វើឱ្យទង់ជាតិកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិផងដែរ៕