ក្រសួងសង្គមកិច្ច រៀបចំកិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន
04-12-2025 19:24
(ត្បូងឃ្មុំ)៖ ដោយមានការអនុញ្ញាតពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា បានដឹកនាំកិច្ចប្រជុំជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលមានការចូលរួមពី លោក គន់ រ័ត្នមន្នី អភិបាលរងខេត្តត្បូងឃ្មុំ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ ស.អ.យ ខេត្តត្បូងឃ្មុំ មេឃុំ/ចៅសង្កាត់ ជនបង្គោលឃុំ/សង្កាត់ សរុបចំនួន ១៣៨នាក់ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។
នេះគឺជាការជួបជុំពិភាក្សារវាងក្រសួង ស.អ.យ រដ្ឋបាលខេត្ត មន្ទីរ ស.អ.យ ខេត្ត និងឃុំ សង្កាត់ ដើម្បីស្នើសុំដល់រដ្ឋបាលខេត្ត ធ្វើកិច្ចអន្តគមន៍ក្នុងការជំរុញដល់ឃុំ/សង្កាត់ ក្នុងការចុះកំណត់ការកំណត់អត្តសញ្ញាណកម្មពិការភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ និងសិក្សាស្វែងយល់បញ្ហាប្រឈមរបស់មេឃុំ ចៅសង្កាត់ និងមន្រ្តីកាន់កម្មវិធីអត្តសញ្ញាណកម្មពិការភាព ដើម្បីដោះស្រាយ និងផ្តល់ការគាំទ្រលើបច្ចេកទេស៕















