ក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ចេញសេចក្តីប្រកាសព័ត៌មានរួមស្តីពី លទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី ៥ កសិកម្ម-ទឹក-ជនបទ

04-12-2025 19:58

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលកិច្ចប្រជុំត្រី-វិស័យលើកទី៥ កសិកម្ម-ទឹក-ជនបទ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងធនធានទឹក ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅនាល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា នៅកិច្ចប្រជុំត្រី-វិស័យលើកទី៥នេះ លោក ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ដែលយន្តការត្រី-វិស័យសម្រេចបានក្នុងពេលកន្លងមក រួមមាន៖ ការចាប់ផ្តើមអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងបានបន្តកើនឡើងដល់៥សហគមន៍ នៅចុងឆ្នាំ២០២៥នេះ ហើយក៏ត្រៀមបញ្ចូលសហគមន៍មានសក្តានុពលចំនួន៥បន្ថែមទៀត ទៅក្នុងផែនការឆ្នាំ២០២៦ ព្រមទាំងគ្រោងបញ្ចូលសហគមន៍អាទិភាពជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈពេលវែង របស់ខ្លួន។

លោករដ្ឋមន្ត្រី បញ្ជាក់ថា យន្តការត្រី-វិស័យ បានប្រែក្លាយគំនិតផ្តួចផ្តើម ទៅជាយន្តការអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលការអនុវត្តផែនការអភិវឌ្ឍន៍យូរអង្វែងរវាងវិស័យទាំង៣ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ- សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនៅទីជនបទ និងការអភិវឌ្ឍផ្ទាល់នៅតាមសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវត្តមានរបស់ក្រសួងសំខាន់ចំនួន២ទៀតផងដែរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតួអង្គគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងក្រសួងទេសចរណ៍ ជាតួអង្គបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍជា លក្ខណៈពហុវិស័យដល់សហគមន៍ជនបទ។

នាឱកាសនោះ ឌិត ទីណា ក៏បានសម្តែងការសាទរចំពោះ លទ្ធផលនៃការងារត្រី-វិស័យ ដែលសម្រេចបានគួរជាទីកត់សម្គាល់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រើប្រាស់ថវិកាក្រសួងទាំងបីក្នុងវិស័យរបស់ខ្លួន ដើម្បីពង្រឹង និងលើកកម្ពស់សមិទ្ធកម្ម ក៏ដូចជាកំណត់ឱ្យចំគោលដៅនៅមូលដ្ឋាន សំដៅបង្កើតសមិទ្ធផលរួមគ្នាក្នុងការបម្រើឱ្យការងារកសិកម្ម ប្រកបដោយប្រសិទ្ធភាព។

លោក ឆាយ ឬទ្ធិសែន ក៏បានសម្តែងការសាទរចំពោះការខិតខំ ប្រឹងប្រែង និងកិច្ចសហការរបស់ក្រសួងទាំង៣ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមលេចចេញជាផ្លែផ្កា និងបានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់ក្រសួងទាំង៣ ដែលជាសហថាមពលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ និងអនុវត្តសកម្មភាពការងារត្រី-វិស័យ ផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លោករដ្ឋមន្ត្រី នៃក្រសួង ទាំង៣ បានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖

ទី១៖ វាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានគួរជាទីកត់សម្គាល់របស់ក្រុមការងារត្រី-វិស័យ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យលើកទី៤ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ និងកត់សម្គាល់ពីវឌ្ឍនភាពលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រី-វិស័យ និងផែនការអនុវត្តន៍ឆ្នាំ២០២៦-២០៣០។
ទី២៖ ផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨) និងផែនការប្រចាំឆ្នាំ២០២៦។
ទី៣៖ ការវិភាជថវិកាដែលមាននៅក្នុងក្រសួងរៀងៗខ្លួន សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ អាងទឹកអូររំដួល នៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាតំបន់កសិ-ទេសចរណ៍។
ទី៤៖ ស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការ សកម្មភាព នៃយន្តការត្រី-វិស័យរបស់ក្រសួងទាំង៣ នាពេលអនាគត៕