ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាតជាមួយកម្ពុជា
04-12-2025 20:08
(ភ្នំពេញ)៖ លោក Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ចុះទស្សនកិច្ចទៅកាន់គម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ទៅកាន់គម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត បានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពី អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំកម្ពុជា (AFD) និងលោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ។
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ កាលពីខែមិថុនា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក ក្នុងនោះ ថវិកា២១០លានដុល្លារអាមេរិក ជាកម្ចីសម្បទាន ពីទីភ្នាក់ងារ AFD និង៤២លានដុល្លារ អាមេរិកជាថវិកាបដិភាគ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុប ក៏បានអនុម័តផ្តល់ជំនួយ ឥតសំណងចំនួន១២លានអឺរ៉ូសម្រាប់គម្រោងនេះផងដែរ។
លោក ឡុង ណារ៉ូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានលើកឡើងថា គម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ គឺជាការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជា ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ។
សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត បាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ៩៨២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ៕


















