វិភាគអន្តរជាតិ៖ ចង់ចាប់ដៃអាមេរិកផង ចង់ឱបរុស្ស៉ីផង តើឥណ្ឌាអាចបានទាំង២ ឬ?
04-12-2025 21:38
(ញូវដែលី)៖ នៅពេលយន្ដហោះរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចុះចតនៅទីក្រុងញូវដែលីប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអធិកអធមក្នុងពិធីមួយដែលត្រូវបានរៀបចំដើម្បីទទួលមេដឹកនាំនៃប្រទេសដៃជាគូដ៏សំខាន់បំផុតមួយរបស់ឥណ្ឌា។ ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី មានគោលដៅ២ ក្នុងពេលតែមួយ នោះគឺរក្សាទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅជាមួយរុស្ស៉ីដែលជាសត្រូវភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកផង និងជាមួយសហរដ្ឋអាមេរិកផង។ នៅម្ខាងឥណ្ឌាចង់ទិញ យន្ដហោះចម្បាំងស៊េរីទំនើប និងប្រេងក្នុងតម្លៃថោកពីរុស្ស៉ី ហើយរក្សាទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេសទាំង២ដែលជាកេរមរតកសល់តាំងពីសម័យសង្រ្គាមត្រជាក់។ រីឯនៅម្ខាងទៀត ឥណ្ឌាចង់បាន កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការវិនិយោគ ហើយសង្ឃឹមថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំនឹងលុបចោលការដាក់ទណ្ឌកម្មពន្ធគយ។
នៅក្រោយរុស្ស៉ីបើកការឈ្លានពានអ៊ុយក្រែន ឥណ្ឌាបានប្រើប្រាស់ឥទិ្ធពលរបស់ខ្លួនក្នុងនាមជាដៃគូដ៏សំខាន់មួយក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈទីផ្សារដ៏ធំសម្បើម និងទីតាំងភូមិសាស្ត្ររបស់ខ្លួនដើម្បី ទាក់ទាញចំណាប់អារម្មណ៍ពីសហរដ្ឋអាមេរិក និងរុស្ស៉ី។ ក៏ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក ពូទីន ដែលជាទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ឥណ្ឌាចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង កាលពីឆ្នាំ២០២២ បានកើតឡើងចំពេលវេលាដ៏សំខាន់សម្រាប់លោក ម៉ូឌី។ ទីក្រុងញូវដែលីកំពុងបង្កើនកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រាំ ប្រកាស ដំឡើងពន្ធគយ ៥០ភាគរយលើទំនិញនាំចូលពីឥណ្ឌា ដែលក្នុងនោះមាន ២៥ភាគរយជាការដាក់ទណ្ឌកម្មដោយផ្ទាល់លើឥណ្ឌាសម្រាប់ការបន្តទិញប្រេងក្នុងតម្លៃថោកពីរុស្ស៉ី។ ថ្មីៗនេះដើម្បីបន្ទន់ចិត្ត សហរដ្ឋអាមេរិក ឥណ្ឌាបានសម្រេចចិត្តកាត់បន្ថយការទិញប្រេងពីរុស្ស៉ី និងយល់ព្រមទិញឧស្ម័នរាវ ២.២លានតោនពីសហរដ្ឋអាមេរិក។
ក្រៅពីប្រេង កិច្ចព្រមព្រៀងអាវុធក៏ស្ថិតក្នុងរបៀបវារៈកំពូលរបស់លោក ពូទីន ក្នុងជំនួបជាមួយលោក ម៉ូឌីផងដែរ។ ការទិញអាវុធពីរុស្ស៉ីគឺមានសារៈសំខាន់ណាស់ចំពោះឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពយោធា ទប់ទល់ជាមួយប៉ាគីស្ថាន និងចិន។ នេះបានបង្ហាញថាតើឥណ្ឌាលំបាកយ៉ាងណាក្នុងការប្រឈមមុខជាមួយអ្នកជិតខាងទាំង២ ដោយរុស្ស៉ីក៏ជាដៃគូជិតស្និទរបស់ចិន ខណៈចិនជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំឱ្យ ប៉ាគីស្ថាន។ «នៅពេលក្រាលព្រំក្រហមទទួលស្វាគមន៍លោក ពូទីន ទីក្រុងញូវដែលីចង់បញ្ជូនសារទៅកាន់លោកខាងលិច និងចិន ថាឥណ្ឌាគឺមានជម្រើស ពោលគឺឥណ្ឌាចង់បញ្ជូនសារថាខ្លួនមានឆន្ទៈបន្ត ពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ី...ហើយក្រៅតែពីប្រេង និងអាវុធ ឥណ្ឌាក៏ចង់បង្ហាញទៅកាន់ប៉េកាំង និងវ៉ាស៊ីនតោនដែរថាទីក្រុងញូវដែលីមានជម្រើសទី៣ ហើយជម្រើសនេះធ្វើឱ្យឥណ្ឌាមានទឹកមាត់ប្រៃ នៅឯតុចរចា»។ នេះបើតាមលោក Kanti Bajpai ជាសាស្ត្រាចារ្យម្នាក់ផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Ashoka University។
* ពេលវេលាបញ្ជាក់ពីមិត្តភាព
ទំនាក់ទំនងជិតស្និទ្ធរបស់ឥណ្ឌាជាមួយរុស្ស៉ីជាមរតកមួយបន្សល់ទុកតាំងពីសម័យសង្រ្គាមត្រជាក់ ជាពេលមួយដែលឥណ្ឌាទើបតែទទួលបានឯករាជ្យ និងប្រកាន់យកនយោបាយមិនចូលបក្សសម្ព័ន្ធ តែបាន ទទួលយកជំនួយឧស្សហកម្ម និងសេដ្ឋកិច្ចពីអតីតសហភាពសូវៀតដើម្បីអភិវឌ្ឍប្រទេស។ ឥណ្ឌាបានបត់ទៅរករុស្ស៉ីនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ដោយសារតែសហរដ្ឋអាមេរិកបានបង្កើនការគាំទ្រយោធា និងហិរញ្ញវត្ថុដល់សត្រូវរបស់ខ្លួន គឺប៉ាគីស្ថាន។ រុស្ស៉ីវិញបានចាប់ផ្ដើមផ្គត់ផ្គង់អាវុធឱ្យឥណ្ឌា និងបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តបានរបស់ឥណ្ឌាចាប់តាំងពីពេលនោះមក។ ថ្វីបើការទិញអាវុធរបស់ឥណ្ឌាពី រុស្ស៉ីបានធ្លាក់ចុះក្នុងពេល៤ឆ្នាំចុងក្រោយនេះក៏ពិតមែន ក៏រុស្ស៉ីនៅតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់ឥណ្ឌាដដែល។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល។
ឥណ្ឌាទិញអាវុធពីរុស្ស៉ីដោយបាញ់ក្រសែភ្នែកទៅរកចិនដែលជាដៃគូដ៏ជិតស្និទ្ធរបស់រុស្ស៉ី តែមានជម្លោះព្រំដែនជាមួយឥណ្ឌា។ រឹតតែសំខាន់ជាងនេះ ទីក្រុងប៉េកាំងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំទៅឱ្យសត្រូវរបស់ឥណ្ឌាគឺ ប៉ាគីស្ថាន ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំងដែលយោធាប៉ាគីស្ថានបានអះអាងថាខ្លួនបានប្រើដើម្បីបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា អំឡុងជម្លោះព្រំដែនមួយផ្ទុះឡើងក្នុងឆ្នាំ២០២៥នេះ។ បើតាម ក្រុមមន្ត្រីប៉ាគីស្ថាន ក្នុងចំណោមយន្ដហោះចម្បាំងឥណ្ឌាដែលត្រូវបានបាញ់ទម្លាក់ ក៏មានយន្ដហោះចម្បាំងផលិតដោយរុស្ស៉ី Su-30មួយគ្រឿងផងដែរ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters Su-30 មានច្រើនជាងគេនៅក្នុងចំណោមកងអនុសេនាធំយន្ដហោះចម្បាំងទាំង ២៩របស់ឥណ្ឌា។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២ ខែធ្នូ ថាកិច្ចពិភាក្សារវាងលោក ពូទីន និងលោក ម៉ូឌី ត្រូវបានរំពឹងថានឹងផ្ដោតលើកិច្ចព្រមព្រៀមទិញលក់យន្ដហោះចម្បាំង Su-57 ពីរុស្ស៉ី។ ប៉ុន្តែប៉ុន្មានខែថ្មីៗនេះ ទំនាក់ទំនងសេដ្ឋកិច្ចរបស់ឥណ្ឌាជាមួយរុស្ស៉ីបានបង្កជារឿងឈឺក្បាលទៅវិញ។ ការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៉ី ក្រោយការឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានធ្វើឱ្យតម្លៃប្រេងរុស្ស៉ីធ្លាក់ចុះ ហើយឥណ្ឌាបានចាប់យកឱកាសនេះដោយបង្កើនការទិញប្រេងពីរុស្ស៉ី ក្រោមការលក់បញ្ចុះតម្លៃ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនខ្លួនជាង ១.៤ពាន់លាននាក់ និងសេដ្ឋកិច្ចដែលនេះបានធ្វើឱ្យឥណ្ឌាក្លាយជាម៉ូយដ៏ធំ របស់រុស្ស៉ី។ ជាការឆ្លើយតបទៅនឹងការរិះគន់ពីលោកខាងលិច ឥណ្ឌាបានអះអាងថាការទទួលខុសត្រូវដ៏ចម្បងរបស់ខ្លួន នោះគឺចំពោះប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួន។ លោក Nandan Unnikrishnan ជាអ្នកជំនាញម្នាក់ពីមូលនិធិ Observer Research Foundation (ORF) មានមូលដ្ឋានក្នុងទីក្រុងញូវដែលីបាននិយាយថា «យើងមានប្រជាជនក្រីក្ររាប់លាននាក់។ យើងចាំបាច់ត្រូវយកពួកគេចេញពី ភាពក្រីក្រ...ហើយដើម្បីធ្វើរឿងនេះ ឥណ្ឌាចំាបាច់ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសមហាអំណាចទាំងអស់»។
ការអត់ធ្មត់របស់លោក ត្រាំ បានថយចុះ ហើយលោកបានដំឡើងពន្ធគយ៥០ភាគរយលើទំនិញនាំចូលពីឥណ្ឌា ក្នុងនោះមានពន្ធ ២៥ភាគរយជាការដាក់ទណ្ឌកម្មដោយផ្ទាល់លើឥណ្ឌាសម្រាប់ការទិញប្រេង ពីរុស្ស៉ី។ ក្រោយមកទៀត កាលពីខែតុលាកន្លងទៅ លោក ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំ២របស់រុស្ស៉ី ដែលនេះបានធ្វើឱ្យក្រុមមន្ត្រីឥណ្ឌាព្យាករថាការនាំចូលប្រេងរបស់ឥណ្ឌាពីរុស្ស៉ីអាចនឹង ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែធ្នូនេះ ក្នុងពេល៣ឆ្នាំមកនេះ។ ការដាក់សម្ពាធពីទីក្រុងវ៉ាស៊ីនតោន មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងរវាងឥណ្ឌា និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែវាក៏បានជំរុញឱ្យឥណ្ឌាបន្ទន់ គោលជំហរចំពោះចិនផងដែរ។ នៅប៉ុន្មានថ្ងៃក្រោយការដំឡើងពន្ធគយរបស់លោក ត្រាំលើឥណ្ឌាចូលជាធរមាន លោក ម៉ូឌីបានបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ក្នុងរយៈពេល៧ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ នៅឯកិច្ចប្រជុំកំពូលនោះ ក៏ជាជំនួបលើកចុងក្រោយបំផុតមួយរវាងលោក ម៉ូឌី និងលោក ពូទីនដែរ។ នៅចំពោះមុខ កាមេរ៉ាមេដឹកនាំទាំង២ បានបង្ហាញភាពស្និទ្ធស្នាល និងចាប់ដៃគ្នាយ៉ាងស្អិត មុនពេលឡើងជិះរថយន្ដរបស់លោក ពូទីន ជជែកគ្នាអស់រាប់ម៉ោង។
* ដើរនៅលើខ្សែពួរ
កាលពីអាណត្តិទី១របស់លោក ត្រាំ រួមទាំងអាណត្តិរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឥណ្ឌាត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជាដៃគូដ៏សំខាន់ដើម្បីទប់ទល់ជាមួយចិន។ អាមេរិកបានជំរុញ ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយទីក្រុងញូវដែលីតាមរយៈការផ្ទេរបច្ចេកវិទ្យា និងការធ្វើសមយុទ្ធយោធារួមគ្នា។ ដោយសារតែមើលឃើញថាទំនាក់ទំនងអាចនឹងធ្លាក់ចុះ ឥណ្ឌា និងសហរដ្ឋអាមេរិកថ្មីៗនេះបាន ឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារថ្មីមួយមានរយៈពេល ១០ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម បច្ចេកវិទ្យា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យកាន់តែ ស៊ីជម្រៅ។ បច្ចុប្បន្ន ទីក្រុងញូវដែលីកំពុងចរចាស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ជាកិច្ចព្រមព្រៀងមួយដែលរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Rajesh Agarwal រពឹងថានឹងសម្រេចបាននៅមុនដំណាច់ឆ្នាំនេះ។
ក៏ប៉ុន្តែ លោក Unnikrishnan យល់ថានៅក្រោមទស្សនៈរបស់ឥណ្ឌា ការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មិនមែនមានន័យថាទីក្រុងញូវដែលីត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេស ជាដៃគូផ្សេងទៀតនោះទេ។ តាមអ្នកជំនាញរូបនេះ ឥណ្ឌាចង់បានទាំង២ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបន្តរក្សាទំនាក់ទំនងល្អជាមួយរុស្ស៉ី។ អ្នកវិភាគផ្សេងទៀតក៏យល់ឃើញថាដែរថា ការរំពឹងចង់បានបែបនេះរបស់ឥណ្ឌាត្រូវបានទទួលដឹងឮដោយវិមានក្រឹមឡាំង។ លោក ពូទីន ក៏ដឹងដែរថាលោក ម៉ូឌីកំពុងស្ថិតនៅក្រោមសម្ពាធដោយលោកត្រូវរក្សាប្រជាប្រិយភាពក្នុងស្រុក និងកំពុងប្រឈមនឹង ការសម្រេចចិត្តដ៏លំបាកប្រៀបដូចជាកំពុងដើរលើខ្សែពួរដែលមិនអាចធ្វេសប្រហែសបានឡើយ។ តាមលោក Unnikrishnan ឥណ្ឌាត្រូវតែដើរយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ជាក់ស្ដែងក្នុងពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនទាន់លេចចេញជារូបរាងនៅឡើយ និងចៀសវាងធ្វើឱ្យដំណាក់កាលដ៏លំបាកសព្វថ្ងៃកាន់តែពិបាកថែមទៀត។
យ៉ាងណាក៏ដោយ ការរក្សាតុល្យភាពដ៏លំបាកនេះនឹងត្រូវស្ថិតនៅក្រោមការឃ្លាំមើលពីសហរដ្ឋអាមេរិក ជាពិសេសជុំវិញកិច្ចព្រមព្រៀងទិញអាវុធដែលស្ថិតនៅលើតុពិភាក្សារវាងលោក ពូទីន និងលោក ម៉ូឌី៕








