រដ្ឋបាលខេត្តកំពង់ធំ អនុញ្ញាតឱ្យពលរដ្ឋធ្វើស្រែប្រាំង តែមួយលើកជាកំហិត សម្រាប់រដូវប្រាំង ឆ្នាំ២០២៥-២០២៦ ជៀសវាងបញ្ហាខ្វះទឹក

04-12-2025 22:41

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងតែមួយលើកជាកំហិត សម្រាប់រដូវប្រាំងឆ្នាំ២០២៥-២០២៦នេះ ក្រោយក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងធ្វើការសាងសង់ ជួសជុល និងស្តារ ឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១៤ទីតាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ទឹកធ្វើស្រែប្រាំង។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងធ្វើការសាងសង់ ជួសជុល និងស្តារ ឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ១៤ទីតាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ទឹកធ្វើស្រែប្រាំង របស់ប្រជាពលរដ្ឋនៅតាមប្រព័ន្ធធារាសាស្ត្ររួមមាន៖

(១) ទំនប់អាងទឹកដងកាំបិត ឃុំដងកាំបិត ស្រុកសណ្តាន់ (២) សំណង់ស្ទាក់ទឹកកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (៣) ប្រឡាយមេកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ (៤) ប្រឡាយមេ ស្ទឹងស្លាប់ ឃុំត្បូងក្រពើ ស្រុកសន្ទុក (៥) ប្រឡាយមេ អូរជូនពៅ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន (៦) ប្រឡាយរលួស សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន (៧) ប្រឡាយកំពង់ពុទ្រា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន (៨) ប្រឡាយមេកងមាស ឃុំចុងដូង ស្រុកបារាយណ៍ (៩) ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតខាងត្បូង ស្រុកបារាយណ៍ និងស្រុកតាំងគោក (១០) ប្រព័ន្ធធារាសាស្ត្រ ឬស្សីលរ ឃុំស្វាយភ្លើង ស្រុកតាំងគោក (១១) សំណង់ស្ទាក់ទឹក បន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង (១២) ប្រឡាយរងបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង (១៣) ប្រព័ន្ធធារាស្ត្រទំនប់ក្រោយ ឃុំកំពង់ចិនជើង ស្រុកស្ទោង (១៤) ប្រព័ន្ធធារាសាស្ត្រអូរអត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ។

ផ្អែកតាមស្ថានភាពជាក់ស្តែង ដើម្បីចៀសវាងនូវការខាតបង់ដល់ប្រជាពលរដ្ឋដែលធ្វើស្រែប្រាំង ក្នុងភូមិសាស្ត្រខាងលើ រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១៖ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងធ្វើការសាងសង់ ជួសជុល និងស្តារឡើងវិញនូវ ប្រព័ន្ធធារាសាស្ត្រចំនួន ១៤ទីតាំង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្គត់ផ្គង់ទឹកធ្វើស្រែប្រាំងរបស់ប្រ មុនពេលចុះធ្វើស្រែប្រាំងត្រូវសាកសួរព័ត៌មានពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញឲ្យបានច្បាស់លាស់។

២៖ ករណីបងប្អូនប្រជាពលរដ្ឋបានចុះធ្វើស្រែប្រាំងក្នុងឆ្នាំ២០២៥-២០២៦ រួចហើយ ដូចនេះអនុញ្ញាតឲ្យធ្វើបានតែ ០១លើក ជាកំហិត ។

៣៖ មិនអនុញ្ញាតឲ្យធ្វើស្រែប្រាំងលើកទី២ ជាដាច់ខាត ព្រោះអាចបណ្តាលឲ្យមានការខាតបង់ដោយការ ខ្វះទឹក និងអាចធ្វើឲ្យមានការជន់លិចនៅដើមរដូវវស្សា៕