* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ និងធានាដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិ

05-12-2025 08:39

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការតម្រូវឱ្យអ្នកសារព័ត៌មានទាំងអស់អនុវត្តវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងបែបនេះ ក្នុងឱកាសទិវាអន្តរជាតិបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន រៀបចំឡើងដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងអង្គការយូណេស្កូ (UNESCO) នារសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

ក្នុងព្រឹត្តិការណ៍ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងតំណាងសមាគម អង្គការ សង្គមស៊ីវិល ប្រមាណ៤០នាក់ អ្នកនាំពាក្យបានគូសបញ្ជាក់ជូនអ្នកចូលរួមទាំងអស់ថា កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន។

លោកបានបន្ថែមថា ទាំងនេះជាកិច្ចខិតខំដែលមានសារៈសំខាន់ណាស់ ហើយជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិមុនៗ បន្តរហូតដល់អាណត្តិទី៧នេះ ហើយស្របពេលដែលក្រសួងបានបន្តផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយភាពប្រឈមថ្មីៗ ដើម្បីធានាសុវត្ថិភាព និងការការពារដល់ប្រតិបត្តិករក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានសរុបចំនួន២៣ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។

លោកបានគូសបញ្ជាក់ថា ការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។

ជាមួយគ្នានេះ ការដាក់ចុះឱ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានផ្សេងៗ ត្រូវបានធ្វើឡើងដើម្បីធានាសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់សេរីភាពសារព័ត៌មាន ដោយភាពចម្រុះ គុណភាព និងបរិយាបន្នស្របតាមលក្ខខណ្ឌគុណវុឌ្ឍិ និងក្នុងក្របខណ្ឌច្បាប់ ដែលមានសារៈសំខាន់ចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។

លោកបានលើកឧទាហរណ៍មួយចំនួនដើម្បីជម្រាបជូនអ្នកចូលរួម ក្នុងនោះការដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ត្រូវបានធ្វើឡើង ដើម្បីលើកកម្ពស់គុណតម្លៃ និងគុណភាពនៃវិជ្ជាជីវៈសារព័ត៌មាន ក្នុងក្របខណ្ឌនៃការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់ការផ្សាយព័ត៌មានពិត ត្រឹមត្រូវ ដោយក្រមសីលធម៌សំដៅរក្សាជំនឿចិត្តរបស់ប្រជាពលរដ្ឋមកលើប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងបែបថ្មីនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានជម្រាបជូនអ្នកចូលរួមផងដែរថា ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ មិនមានអ្នកសារព័ត៌មានណាម្នាក់ស្លាប់ក្នុងពេលបំពេញការងារស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ។ ប៉ុន្តែគិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលាឆ្នាំ២០២៥នេះ អតីតអ្នកសារព័ត៌មានសរុបចំនួន ១៤រូប បានទទួលមរណភាពដោយជរាពាធ គ្រោះថ្នាក់ចរាចរ, ហើយអ្នកសារព័ត៌មាន ១រូប បានទទួលមរណភាពក្នុងករណីគំនុំផ្ទាល់ខ្លួន ដែលករណីនេះត្រូវបានជំនុំជម្រះក្តីរួចហើយ។

តាមប្រសាសន៍របស់លោក ទេព អស្នារិទ្ធ នៅកម្ពុជាគិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី។

លោកក៏បានរំលេចជូនអ្នកចូលរួមផងដែរ អំពីលំហសេរីភាពក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាននៅកម្ពុជា ដែលត្រូវបានវាយតម្លៃដោយផ្ទាល់ពីប្រតិបត្តិករក្នុងវិស័យនេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដោយលទ្ធផលបានបង្ហាញថាអ្នកសារព័ត៌មានចំនួនជាង ៨៦% បានអះអាងថាខ្លួនមានសេរីភាពពេញលេញ មានសុវត្ថិភាព គ្មានការយាយី និងធ្វើការក្នុងបរិយាកាសងាយស្រួលសម្រាប់ចុះយកព័ត៌មាន ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

នៅក្នុងព្រឹត្តិការណ៍នោះដែរ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងការអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមចំណែកក្នុងវិស័យសារព័ត៌មាន និងបានថ្លែងលើកទឹកចិត្តដល់សមាគម សង្គមស៊ីវិល និងអំពាវនាវដល់ដៃគូ តួអង្គពាក់ព័ន្ធ ឱ្យចូលរួមលើកកម្ពស់ការអនុវត្តសេរីភាពសារព័ត៌មានក្នុងដែនក្របខណ្ឌច្បាប់លិខិតបទដ្ឋានជាធរមាន និងដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

លោកក៏បានលើកទឹកចិត្តបន្ថែមផងដែរឱ្យភាគីទាំងអស់លើកស្ទួយភាពជាដៃគូប្រកបដោយគុណភាព ជំរុញកិច្ចសហការដោយការបើកទូលាយចិត្ត ផ្តោតលើប្រយោជន៍រួមឱ្យបានជាអតិបរិមា ប្រកបដោយតម្លាភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវ មានវិជ្ជាជីវៈពិតប្រាកដ ដើម្បីរួមគ្នាអភិរក្សកេរ្តិ៍ដំណែលប្រព័ន្ធផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍ឱ្យកាន់តែប្រសើរឡើងទាន់សម័យកាល ប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង៕