មន្ត្រីជំនាញកំពុងចុះត្រួតពិនិត្យតាំងក្រុមហ៊ុនមួយ ដែលសង្ស័យថាមានការបំពុលទឹក ធ្វើមានត្រី និងគោរបស់អ្នកស្រុកងាប់ នៅក្នុងតំបន់អូរឬស្សី ខេត្តកំពង់ឆ្នាំង

05-12-2025 08:58

(កំពង់ឆ្នាំង)៖ ក្រោយពីមានសេចក្តីរាយការណ៍ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចាត់មន្រ្តីជំនាញ ចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន ៤ក្បាល នៅតាមអូរឬស្សី ដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។

ដោយមានការគាំទ្រ និងសហការ ពីអភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីក្រសួងរ៉ែ និងថាមពល មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។

ក្រុមការងារបានបន្តបំពេញភារកិច្ចរហូតដល់វេលាយប់ ថ្ងៃដដែលនេះ ដើម្បីត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពុងពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន នៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់ «អូរឬស្សី» ដែលមានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងបរិស្ថានភ្លាមៗ ក៏បានចាត់វិធានការនិងបានបញ្ជូនមន្រ្តីជំនាញចុះពិនិត្យនិងតាមដានករណីនេះ ដើម្បីរកប្រភពបំពុល និងធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ក្នុងពេលនេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់នៅជិតអូរ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន។

ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់តឹងរឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន ចំពោះករណីរកឃើញប្រភពបំពុល ពីក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបង្កឱ្យមានការបំពុលបរិស្ថាន និងប៉ះពាល់ដល់ជីវៈចម្រុះគ្រប់ប្រភេទ៕