ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប បេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញវិនិយោគិនបារាំងមកកម្ពុជា

05-12-2025 09:44

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក François SCHNOBELEN ប្រធានសភាពាណិជ្ជកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងរាយការណ៍អំពី គំនិតផ្តួចផ្តើមនានាពីសមាជិកសមាគម ដើម្បីអភិវឌ្ឍទេសចរណ៍ បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនៃជំនួបលោករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគមដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានជម្រាបជូនសមាគមពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (ប្រចាំខេត្តសៀមរាប) បានជម្រាបជូន រដ្ឋមន្រ្តី ហួត ហាក់ ថាសម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ដោយសារប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព និងភាពរួសរាយរាក់ទាក់ ស្នាមញញឹមរបស់កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជាមួយការអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព។ លោកប្រធានសភាពាណិជ្ជកម្ម បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនបារាំងឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅ និងប្រកបដោយការស្ថាបនាលើកិច្ចសហការរួមគ្នា ជាលក្ខណៈបុរេសកម្ម ដើម្បីរៀបចំភូមិហ្រ្វង់កូហ្វូន (Village Francophone) ឱ្យមានភាពទាក់ទាញ រស់រវើក ប្រកបដោយខ្លឹមសារស៊ីជម្រៅ និងបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដល់ប្រតិភូជាន់ខ្ពស់ ព្រមទាំងអ្នកចូលរួមក្នុងការកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាឆ្នាំ២០២៦ ខាងមុខ ឱ្យបានទូលំទូលាយដល់ពិភពលោក៕