គ.ជ.ប បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប» នៅខេត្តកំពត

05-12-2025 09:46

(កំពត)៖ លោក ឆាយ សុផាន់ណា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីសេចក្តីព្រាង «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប» នៅសណ្ឋាគារ កំពត ឌីយ៉ាម៉ង់ ខេត្តកំពត។

លោកបានឱ្យដឹងថា ដោយយោងតាមអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពី «ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ‌ក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ គ.ជ.ប បានរៀបចំឯកសារស្តីពី «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប» ស្របតាមបទដ្ឋានជាធរមាន ជាពិសេសទៅតាមទិដ្ឋភាពអនុវត្តជាក់ស្តែងនៅ គ.ជ.ប។

គោលការណ៍ណែនាំនេះត្រូវបានរៀបចំឡើងសម្រាប់ប្រើប្រាស់ផ្ទៃក្នុង គ.ជ.ប និងជាឯកសារគោលសម្រាប់ចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីលម្អិតនៃការងារគ្រប់គ្រងហិរញ្ញវត្ថុ នូវគ្រប់ដំណាក់កាលនៃវដ្តថវិកា ដល់ថ្នាក់ដឹកនាំ អង្គភាពក្រោមចំណុះ គ.ជ.ប និងមន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុនៃគ្រប់អង្គភាពពាក់ព័ន្ធផ្សេងៗទៀត សម្រាប់អនុវត្តពង្រឹងអនុលោមភាព សង្គតិភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គោលការណ៍ណែនាំនេះ បានដាក់ឆ្លងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គលេខាធិការដ្ឋាន អ.គ.ហ ដើម្បីពិនិត្យ ផ្តល់យោបល់ និងប្រមូលធាតុចូលពីអគ្គនាយកដ្ឋាន/អង្គភាពពាក់ព័ន្ធនៃ ក.ស.ហ.វ. តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានផ្តល់យោបល់ត្រឡប់មក គ.ជ.ប នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ គ.ជ.ប ត្រូវអនុវត្តនៅតាមដំណាក់កាលនីមួយៗរបស់វដ្តនៃថវិកា មានជាអាទិ៍ទី១-ដំណាក់កាលរៀបចំថវិកា, ទី២-ដំណាក់កាល អនុវត្តថវិកា, ទី៣-ដំណាក់កាលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា និងទី៤-មានសមាសធាតុពាក់ព័ន្ធទាំងផ្នែកលទ្ធកម្មសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការងារសវនកម្មផ្ទៃក្នុង។

គោលការណ៍ណែនាំនេះត្រូវបានរៀបចំជា ៧ ជំពូក គឺ៖

*ជំពូកទី១: សេចក្តីផ្តើម ដែលរួមមាន៖ សាវតា, គោលបំណង, វិសាលភាព និងរចនា សម្ព័ន្ធ, សារសំខាន់, វិធីសាស្រ្ត, អ្នកប្រើប្រាស់។
*ជំពូកទី២: ក្របខណ្ឌរួមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ក្របខណ្ឌគតិយុត្ត, សិទ្ធិអំណាច និងការទទួលខុសត្រូវ, អាណាប័ក, អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា។ល។
*ជំពូកទី៣: ការរៀបចំថវិកា ដែលរួមមាន៖ ដំណើរការ និងប្រតិទិននៃការរៀបចំថវិកា,ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា, និងការរៀបចំផែនការថវិកាប្រចាំឆ្នាំ។ល។
*ជំពូកទី៤: ការអនុវត្តថវិកា ដែលរួមមាន៖ កម្មវិធីចំណាយប្រចាំត្រីមាស, ចំណាយបន្ទុកបុគ្គលិក, ចំណាយរជ្ជទេយ្យបុរេប្រទាន, ចំណាយតាមនីតិវិធីបើកផ្តល់សាច់ប្រាក់មុន ។ល។
*ជំពូកទី៥: ការតាមដាន និងការវាយតម្លៃការអនុវត្ដថវិកា
*ជំពូកទី៦: ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង
*ជំពូកទី៧: អំពីមុខងារសវនកម្មផ្ទៃក្នុង។

ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងចងក្រងចេញជាសៀវភៅណែនាំសម្រាប់រៀបចំសិក្ខាសាលានៅថ្ងៃនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹងទទួលបានមតិយោបល់ជាធាតុចូលបន្ថែម សម្រាប់កែលម្អទាំងខ្លឹមសារ នីតិវិធីពាក្យពេចន៍ និងអក្ខរាវិរុទ្ធជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលការណ៍ណែនាំនេះ ធានាបាននូវសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការអនុវត្តគោលការណ៍គន្លឹះៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕