ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត លើកទឹកចិត្តមន្រ្តីរាជការ ធុរជន និងប្រជាពលរដ្ឋ ចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យា AI ដើម្បីបង្កើនប្រសិទ្ធភាពក្នុងផ្តល់ និងទទួលសេវាសាធារណៈឌីជីថល
05-12-2025 12:39
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការលើកកម្ពស់សមត្ថភាពចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់មន្រ្តីរាជការ ធុរជន និងប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពក្នុងការផ្តល់និងទទួលសេវាសាធារណៈឌីជីថល ដើម្បីជំរុញសម្ទុះបរិវត្តកម្មឌីជីថលក្នុងការដ្ឋានរដ្ឋាភិបាលឌីជីថលតាមក្រសួង-ស្ថាប័ន ឱ្យកាន់តែខ្លាំងឡើងថែមទៀត។
ក្នុងឱកាសអញ្ជើញបើក«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានជំរុញឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យកចិត្តទុកដាក់រៀបចំយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត និងដឹកនាំសម្របសម្រួលការអនុវត្ត ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ ដើម្បីកសាងមូលធនមនុស្សជំនាញឌីជីថល ប្រកបដោយគុណភាពដែលអាចឆ្លើយតបនឹងតម្រូវការការងារ។
បន្ថែមពីនេះលោកណែនាំដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឌីជីថលរបស់ប្រតិបត្តិករ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាល ទាំងថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ព្រមទាំងបន្តគ្រប់គ្រងនិងធ្វើនិយ័តកម្មវិស័យឌីជីថល ដើម្បីបង្កើតបរិស្ថានអំណោយផលដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ សម្រាប់ការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ ក៏ដូចជាជំរុញសម្ទុះនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា។
លើសពីនេះទៅ លោកថែមទាំងលើកទឹកចិត្តឱ្យមានការពង្រីកវិសាលភាព មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យរដ្ឋនៅទូទាំងប្រទេស, ការអនុវត្តគម្រោង មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សា និងសូមឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បន្តកិច្ចសហការ ដោយមានការគាំទ្រនិងផ្ដល់យោបល់ពីគណៈកម្មាធិការទាំង២ ខាងលើ ដើម្បីធានាប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព៕

















