ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះអនុស្សរណៈនៃការយោគយល់ចំនួន៥ ជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យឌីជីថល

05-12-2025 13:32

(ភ្នំពេញ)៖ បន្ទាប់ពីពិធីបើក វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់ចំនួន៥ ជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យឌីជីថល ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលអនុស្សរណៈនោះ រួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការស្តីពីការផ្ដល់សេវាពហុបណ្ដាញសម្រាប់បង្កើនប្រសិទ្ធភាពសេវាសាធារណៈរបស់រដ្ឋាភិបាល (MOU on Cooperation on Omni-Channel Public Service Delivery to Enhance Government Services) ជាមួយនឹងទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
២៖ អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល (Memorandum of Understanding on Digital Government Cooperation) ជាមួយនឹងក្រសួងបញ្ញាសិប្បនិម្មិត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
៣៖ អនុស្សរណៈនៃកិច្ចព្រមព្រៀង (Memorandum of Agreement) ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP)។
៤៖ អនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់ជំនួយឥតសំណង FEXTE ដើម្បីអភិវឌ្ឍក្របខណ្ឌយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់រដ្ឋាភិបាលឌីជីថលកម្ពុជា (FEXTE Grant Support for Development of Strategic and Regulatory Framework for Cambodian Digital Government) ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។
និង
៥៖ អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំពានរង្វាន់សន្តិសុខសាយប័រឆ្នាំ២០២៦ (MOU On Cooperation on Co-Organizing Cybersecurity Awards 2026) ជាមួយក្រុមហ៊ុន TATIUS LIMITED COMPANY របស់ចក្រភពអង់់គ្លេស៕