កម្ពុជា-វៀតណាម ចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ប្រសិទ្ធភាព ការបង្ការ ការប្រើប្រាស់គ្រឿងញៀន និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ

05-12-2025 13:34

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌី របស់ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ប្រសិទ្ធភាព ការបង្ការ ការប្រើប្រាស់គ្រឿងញៀន និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្រោមវត្តមានជាសាក្សីពីសំណាក់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក Le Mirg Ngoc ភារធារី ស្ថានទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, លោក Le Trung Tuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភីអេសឌី គ្រូប និងលោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី NGUYEN THI LAN PHUONG អគ្គនាយក វិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌី។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការចុះ MoU រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌី នេះនឹងជួយគាំទ្រដល់ការកាត់បន្ថយចំនួនអ្នកញៀនគ្រឿងញៀនចាស់ និងអ្នកញៀនគ្រឿងញៀនថ្មីកើតឡើង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងគាំទ្ររាល់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបង្ការ ស្តារនីតិសម្បទា ព្យាបាល និងបន្សាប់គ្រឿងញៀនពីសំណាក់ដៃគូទាំងអស់ ដែលបានចូលរួមជួយដល់អាជ្ញាធរចំពោះកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដូច្នេះ កិច្ចសហប្រតិបត្តិការនានា ត្រូវតែពង្រឹង ពង្រីក និងអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងគោលដៅដែលភាគីទាំងពីរចង់បាន។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ភីអេសឌី បានថ្លែងថា ការចុះ MoU រវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអនុវត្តស្តីពីការបង្ការការប្រើប្រាស់គ្រឿងញៀន ភីអេសឌី គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាបន្ថែមទៀត ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារបង្ការ និងវិធីសាស្ត្រព្យាបាលបង្ការលាប់ឡើងវិញ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។ ជាពិសេសស្របទៅនឹងគោលនយោបបាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដូច្នេះ ការចុះ MoU នេះក៏ជាកូនសោរមួយ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនជាដើម។

លោក Le Trung Tuan បានបន្តថា តាមរយៈអនុវត្តតួនាទី​ និងមានចំណេះដឹងត្រឹមត្រូវ ព្រមទាំងការអនុវត្តវិធីព្យាបាលប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញ នឹងជួយឱ្យជនដែលញៀនគ្រឿងញៀន អាចវិលចូលមករស់នៅក្នុងសហគមន៍ ដែលចូលរួមកាត់បន្ថយចំណុចហានិភ័យ ពីការលាប់ឡើងវិញរបស់ជនដែលទទួលបានការព្យាបាល និងបន្សាបគ្រឿងញៀន។ ដូច្នេះ ក្នុងនាមជាដៃគូនឹងខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីធ្វើយ៉ាងណារកដំណោះស្រាយជួយដល់ជនដែលញៀនគ្រឿងញៀនឱ្យវិលមកប្រក្រតីភាពឡើងវិញ ព្រមទាំងកាត់បន្ថយចំនួនអ្នកញៀនគ្រឿងញៀនចាស់ និងការពារអ្នកញៀនគ្រឿងញៀនថ្មីឱ្យកាន់តែមានប្រសិទ្ធភាព៕