អភិបាលខេត្តស្វាយរៀង ចាត់ទុកក្រុងបាវិតជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត និងស្នើឲ្យអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីឲ្យកាន់ច្រើនថែមទៀត
05-12-2025 14:52
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងវាយតម្លៃខ្ពស់ចំពោះការវិនិយោគសាងសង់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រសហគ្រាសនៅខេត្តស្វាយរៀង ដែលជាសក្ខីភាពបង្ហាញពីកំណើនសេដ្ឋកិច្ច និងភាពទាក់ទាញនៃការវិនិយោគជាបន្តបន្ទាប់ ជាពិសេសនៅក្រុងបាវិត ជាតំបន់ព្រំដែន និងជាបង្គោលសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តស្វាយរៀងផងដែរ។
ការថ្លែងវាយតម្លៃបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញសម្ពោធជាផ្លូវការនូវសណ្ឋាគារ «វេននេសធៀន (VENNESTIAN Hotel)» ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។
ពិធីនេះដែរមានការអញ្ជើញចូលរួមមានលោក លឹម សៀងហេង អភិបាលក្រុងបាវិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាយកទីចាត់ការសាលាខេត្ត អភិបាលរងក្រុងបាវិត លោកអធិការក្រុង និងលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត។
អភិបាលខេត្ត បានលើកទឹកចិត្តអ្នកវិនិយោគសេវាកម្មសណ្ឋាគារ ឱ្យបន្តរក្សាគុណភាព សេវាកម្មល្អប្រសើរ ដើម្បីបំពេញតម្រូវការភ្ញៀវជាតិ និងអន្តរជាតិ។ សណ្ឋាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជម្រើសកន្លែងស្នាក់នៅ ប្រកបដោយផាសុកភាព ក៏ដូចជាការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ នេះជាការលើកឡើងបន្ថែមរបស់លោកអភិបាលខេត្ត៕













