តំណាងរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ប្រាប់ដល់សមាគមអ្នកសាងសង់កម្ពុជា ត្រូវចុះត្រួតពិនិត្យ និងបញ្ជាក់អំពីគុណភាពសំណង់ មុននឹងដាក់ឲ្យប្រើប្រាស់
05-12-2025 14:54
(ភ្នំពេញ)៖ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ដល់សមាគមអ្នកសាងសង់កម្ពុជា ត្រូវចុះត្រួតពិនិត្យ និងបញ្ជាក់អំពីគុណភាពសំណង់ មុននឹងដាក់ឲ្យប្រើប្រាស់ ដើម្បីធានានូវសមត្ថភាពរយៈពេលសំណង់
ការប្រាប់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡៅ ទិព្វសីហា អញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ លើកទី១៥ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៥ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
ថ្លែងក្នុងបើកសន្និបាត លោក ឡៅ ទិព្វសីហា បានផ្ដល់អនុសាសន៍មួយចំនួន ជូនដល់សមាគមអ្នកសាងសង់កម្ពុជា ដើម្បីតម្រង់ទិសដៅការងារ ជាអាទិភាព ក្នុងឆ្នាំ២០២៦ រួមមាន៖
* លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ដល់សហគ្រាស ក្រុមហ៊ុនសាងសង់ វិស្វករ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ តាមរយៈការបណ្ដុះបណ្ដាល ការបង្កើតជំនាញបច្ចេកទេស និងការផ្ដល់ចំណេះដឹង អំពីច្បាប់បទបញ្ញត្ដិបច្ចេកទេស ស្ដង់ដារ និងបច្ចេកវិទ្យាថ្មីៗ លើវិស័យសំណង់។
* ធានាគុណភាព និងសមត្ថភាពសំណង់ ដែលរាល់ការងារសាងសង់ទាំងអស់ ត្រូវធានាគុណភាព សមត្ថភាព សោភ័ណ្ឌភាព ជាពិសេសសំណង់លំនៅដ្ឋាន ត្រូវរចនាតាមបែបខ្មែរសហសម័យ ដែលមានភាពសមរម្យសម្រាប់ការស្នាក់នៅ។
* ប្រើប្រាស់សម្ភារៈសំណង់ ដែលមានគុណភាព មានវិញ្ញាបណ្ណបត្រត្រឹមត្រូវ និងស្របតាមស្ដង់ដារជាតិ-អន្ដរជាតិ និងរៀបចំប្រព័ន្ធតាមដានគ្រប់គ្រង់ ត្រួតពិនិត្យរាល់ដំណាក់កាលសាងសង់ ឲ្យមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
* អនុវត្ដលើការត្រួតពិនិត្យ និងបញ្ជាក់អំពីគុណភាពសំណង់ និងសមត្ថភាពសំណង់ មុននឹងដាក់ឲ្យប្រើប្រាស់ ដើម្បីធានានូវសមត្ថភាពរយៈពេលវែង ស្របតាមអាយុកាលនៃសំណង់។
ជាមួយគ្នានេះ លោក ឡៅ ទិព្វសីហា សង្ឃឹមថា ថ្នាក់ដឹកនាំ និងអ្នកដឹកនាំ ព្រមទាំងអ្នកទទួលខុសត្រូវ នៃសមាគមអ្នកសាងសង់កម្ពុជា នឹងបន្ដខិតខំអនុវត្ដ តាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងស្មារតីកាន់តែសកម្ម សំដៅសម្រេចឲ្យបានទិសដៅ ឆ្នាំ២០២៦ ដែលបានដាក់ចេញ ដោយសន្និបាតបូកសមាគមអ្នកសាងសង់កម្ពុជា នៅឆ្នាំនេះ។
ឧកញ៉ា ឆារស៍ វ៉ាន់ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា សមាគមអ្នកសាងសង់កម្ពុជា បច្ចុប្បន្ននេះ មានសមាជិកសមាគមចំនួន៧៨ ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនេះ មានធុរកិច្ចពាក់ព័ន្ធ នឹងវិស័យឧស្សាហកម្មសំណង់គ្រប់ប្រភេទ។
ឧកញ៉ា ឆារស៍ វ៉ាន់ បានបន្ថែមថា ក្រុមហ៊ុន ដែលបានចូលរួមដាក់តាំងបង្ហាញផលិតផល ក្នុងពិព័រណ៍នាថ្ងៃនេះ មានចំនួន៩៦ក្រុមហ៊ុន ស្មើនឹង២៣៣ស្តង់ រួមទាំងស្ថាប័នរដ្ឋ ឯកជន និងសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដែលពាក់ព័ន្ធនឹងជំនាញវិស្វកម្ម និងស្ថាបត្យកម្មដ៏ទៃទៀតផងដែរ។
គូសបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងកោះពេជ្រ ដែលមានការតាំងបង្ហាញ សុទ្ធសឹងជាផលិតផលមានគុណភាពត្រឹមត្រូវ និងបច្ចេកវិទ្យាទំនើបៗ៕















