ប្រកាសតែងតាំង លោក អ៊ុំ ចំរើន ជាអភិបាលស្រុកទ្រាំង, អភិបាលខេត្តណែនាំ ឲ្យបន្តបម្រើប្រជាពលរដ្ឋឲ្យបានល្អ

05-12-2025 15:09

(តាកែវ)៖ លោក អ៊ុំ ចំរើន ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្ត ដោយប្រកាស់តែងតាំងជាអភិបាលស្រុកទ្រាំង ជំនួសលោក ឈួន ផាន់នី ដែលត្រូវផ្ទេភារកិច្ច ឲ្យទៅបំរើការងារ នៅសាលាខេត្តតាកែវ។

ពិធីប្រកាសតែងលោក អ៊ំ ចំរើន ជាអភិបាលស្រុកទ្រាំង បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក យស់ ណាស៊ី ប្រធានក្រុមប្រិក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសនោះ​ លោក វ៉ី សំណាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកទ្រាំង ដែលកន្លងមកបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោក វ៉ី សំណាង បានលើកឡើងថា សមិទ្ធផលជាច្រើន ដែលកើតឡើងនេះ គឺមិនអាចសម្រេចបាននោះទេ បើគ្មានការចូលរួមសហការ ពីអាជ្ញាធគ្រប់លំដាប់ថ្នាក់ជាពិសេស ពីបងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុក ទើបតែងតាំងថ្មី ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការ ទទួលខុសត្រូវខ្ពស់ព្រមទាំងប្រឹងប្រែង ឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតីដើម្បីបំពេញការងារ ជូនប្រជាពលរដ្ឋស្រុកទ្រាំង ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

គួសបញ្ជាក់ថា លោក អ៊ុំ ចំរើន ធ្លាប់រំរើការងារជាអភិបាលរងស្រុកទ្រាំង រយៈពេល៨ឆ្នាំ «២អាណត្តិ» មុនពេលផ្លាស់មកបំរើការងារ ជាអភិបាលរងក្រុងដូនកែវ រយៈពេល២ឆ្នាំ។

ក្រៅពីតួនាទីខាងលើ លោកក៏ជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំស្រុកទ្រាំង ដ៏សកម្មម្នាក់ផងដែរ ព្រោះគេតែងតែឃើញលោក ដឹកនាំក្រុមយុវជនចុះធ្វើកិច្ចការមនុស្សធម៌ និងចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុកលំបាកនៅមូលដ្ឋាន៕