អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលអំណោយពីក្រុមហ៊ុនឯកជន ដើម្បីចែកជូនកងកម្លាំងដែលឈរជើងការពារទឹកដីនៅតាមព្រំដែន
05-12-2025 15:40
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលអំណោយជាគ្រឿងបរិភោគ ទឹកសុទ្ធ និងសម្ភារមួយចំនួនពីលោកឧកញ៉ា លន់ លន ប្រធានក្រុមហ៊ុនឯកជនមួយ និងក្រុមការងារ ដើម្បីចែកជូនកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន។
ជំនួយទាំងនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃការចែករំលែក នៃសមរភូមិក្រោយជួយដល់សមរភូមិមុខគ្រប់ពេលវេលា។
ពិធីប្រគល់ និងទទួលអំណោយ ធ្វើឡើងរវាងលោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧកញ៉ា លន់ លន ព្រមទាំងក្រុមការងារកាលពីដើមខែធ្នូ ឆ្នាំ២០២៥។
ជំនួយដ៏សប្បុរសធម៌នេះ គឺជាកាយវិការដ៏ឧត្តុង្គឧត្តមមួយពីសំណាក់ក្រុមហ៊ុនឯកជន ដែលបានមកធ្វើការវិនិយោគនៅប្រទេសកម្ពុជា ហើយនេះក៏ជាសក្ខីភាព បង្ហាញអំពីស្មារតីរួមចំណែក ដើម្បីជួយគាំទ្រដល់កងកម្លាំង នគរបាលជាតិ ដែលកំពុងឈរជើងជាមួយកងកម្លាំងយោធាការពារព្រំដែន។
ជានិច្ចកាល ក្រុមហ៊ុនឯកជន តែងតែជួយឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគជូនដល់អគ្គស្នងការដ្ឋានននគរបាលជាតិ ដើម្បីមានលទ្ធភាពចូលរួមជាមួយរាជរដ្ឋាភិបាល៕










