ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព រ័ត្ន វណ្ណៈ ដែលពលីក្នុងពេលបំពេញបេសកកម្មការពារទឹកដីនៅសមរភូមិប្រាសាទតាមាន់

05-12-2025 15:49

(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បាននាំដឹកនាំប្រតិភូខេត្ត​ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន រ័ត្ន វណ្ណៈ ស្ថិតក្នុងភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

គួររំលឹកថា វីរយុទ្ធជន រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត៨២ វរសេនាតូចអន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ បានពលីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៩៖៣០នាទីព្រឹក ក្នុងជន្មាយុ៤៤ឆ្នាំ ដោយរោគពាធ។

សូមជម្រាបជូនថា ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ​ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ​ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការទ័ពជើងគោក ព្រមទាំងប្រត្តិភូក្រសួងការពារជាតិ លោកស្រីតំណាងរាស្រ្តមណ្ឌលស្វាយរៀង ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលស្រុកស្វាយជ្រំ ព្រមទាំងផែនកងកម្លាំងទាំង៣ ក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ថ្នាក់នាំ​ និងប្រតិភូទាំងអស់បានចូលរួមរំលែកទុក្ខជាមួយលោកស្រី រស់ សុផាន់នី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក រ័ត្ន វណ្ណៈ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕